ភ្នំពេញ៖ យ៉ាងហោចណាស់មាន ភូមិឋានរបស់ជនស៊ីវិលកម្ពុជា ចំនួន ៣៧១ភូមិ ត្រូវបានរកឃើញថា រងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែកចង្កោមរបស់ក្រុមយោធាថៃ លើដែនអធិបតេយ្យរបស់កម្ពុជា។ភូមិទាំងអស់នោះ គឺក្នុងខេត្តចំនួន៦របស់កម្ពុជាតាមបណ្តោយព្រំដែនខ្មែរ-ថៃ។នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)។
ខេត្តទាំង៦នោះមានជាអាទិ៍៖ ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និង ខេត្តព្រះវិហារ និង រួមទាំងខេត្តសៀមរាបផង ត្រូវបាន កំណត់តំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមចំនួនប្រមាណ ៣,៦០០ ពហុកោណ (ទីតាំង) មានផ្ទៃដីសរុបប្រមាណ ២,៣៦០គីឡូម៉ែត្រក្រឡា។ហើយភាគច្រើនគ្រាប់បែកចង្កោមទាំងនេះ បាញ់ផ្លោងមកលើទីតាំងពលរដ្ឋស៊ីវិលដូចជា៖លំនៅឋានប្រជាពលរដ្ឋ ដីស្រែចម្ការ សាលារៀន មន្ទីរពេទ្យ ជាដើម។
បើតាម CMAC ប្រភេទគ្រាប់បែកចង្កោមដែលយោធាថៃប្រើ ដើម្បីបាញ់ប្រហារឈ្លានពានលើដែនអធិបតេយ្យកម្ពុជា មានចំនួន៣ប្រភេទ គឺ M42 M46 និងM85។ប្រភេទទាំងនេះ យោធាថៃអាចប្រើគ្រាប់បែកចង្កោមកាំភ្លើធំប្រភេទ 155MM មានចំនួនប្រមាណ ១២០,០០០ ទៅ១៣០,០០០គ្រាប់ មានកូនគ្រាប់បែកចង្កោមប្រមាណពី៦លានទៅ៧លានគ្រាប់។គ្រាប់បែកចង្កោមប្រភេទស៊េរី M មានប្រើក្នុងសង្គ្រាមនៅប្រទេសមួយចំនួនដូចជានៅលីបង់ ស៊ីរី អ៊ុយក្រែន និង យេមែន ជាដើម៕