ភ្នំពេញ៖ កម្ពុជា-សិង្ហបុរី នាថ្ងៃទី២៤ មីនា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី "កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)" ដើម្បីពង្រីកកិច្ចសហការក្នុងការលើកកម្ពស់ស្តង់ដាបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានគុណភាពពេញលេញក្នុងការឆ្លើយតបទៅនឹងតម្រូវការផ្លាស់ប្តូរឧស្សាហកម្ម និងការប្រកួតប្រជែងជាសកល។
ការចុះកិច្ចព្រមព្រៀងនេះ គឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍប្រព័ន្ធ TVET ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ភាពជាអ្នកដឹកនាំ សមត្ថភាព ការសិក្សាអប់រំ និងគុណភាព TVET ក៏ដូចជាការផ្តល់អាជ្ញាបណ្ណ និងវិញ្ញាបនបត្រ TVETជាដើម ដើម្បីធានាថា យុវជនកម្ពុជាដែលបញ្ចប់ការសិក្សានឹងមានជំនាញពិតប្រាកដ និងសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ជាពិសេស គឺឱកាសការងារនៅសិង្ហបុរី។
នាឱកាសនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងថា ភាពជាដៃគូជាថ្មីនេះនឹងបន្តរួមចំណែកដល់ការបំប្លែងប្រព័ន្ធ TVET កម្ពុជា និងគាំទ្រចក្ខុវិស័យរួមគ្នា ក្នុងការអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ មានផលិតភាព និងមានសមត្ថភាពប្រកួតប្រជែង តាមរយៈ ITEES ដែលត្រូវបានស្គាល់ជាសកលសម្រាប់ប្រព័ន្ធ TVET ដ៏រឹងមាំ និងមានភាពធន់។
ទន្ទឹមនឹងនោះ លោក Suresh Natarajan នាយកប្រតិបត្តិនៃវិទ្យាស្ថាន ITE Education Services (ITEES) នៅប្រទេសសិង្ហបុរី បានបង្ហាញក្តីសេចក្តីរីករាយយ៉ាងក្រៃលេង ដែលអាចបន្ត MoU ថ្មីនេះ ដែលធានាថានឹងបង្កើតឱកាសចំពេល និងលើកកម្ពស់កម្រិតជំនាញសមស្រប ដើម្បីបង្កើតឱកាសឲ្យប្រជាពលរដ្ឋកម្ពុជាមួយចំនួនទទួលបានការងារនៅសិង្ហបុរីផងដែរ៕