ព្រះសីហនុ៖ ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមីនា បានបន្តយុទ្ធនាការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំចំនួន ២៦ទីតាំង និងឈានទៅបង្ក្រាបបានចំនួន ៤ទីតាំងជាក់ស្តែង។ ទីតាំងទាំង៤កន្លែង ដែលសមត្ថកិច្ចចុះបង្ក្រាបនោះ រួមមាន សណ្ឋាគារ ជីនសា ហូលីដេ , វីឡាភូមិគ្រឹះ , អគារខុនដូរ ស៊ែង យូរ និង ផ្ទះជួល នៅសង្កាត់៤។
ជាលទ្ធផលសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥០នាក់ ក្នុងនោះមានជនជាតិចិនចំនួន៣៦, ជនជាតិខ្មែរចំនួន ៣ នាក់ (ស្រី្ត ១ នាក់), ជនជាតិឥណ្ឌា ចំនួន ៥នាក់ (ក្នុងនោះ ស្រី្ត ២ នាក់), ជនជាតិបង់ក្លាដេស ចំនួន ៣នាក់, ជនជាតិប៉ាគីស្ថាន ចំនួន ២នាក់ និងស្រ្តីជនជាតិភូមា ចំនួន ១នាក់ រួមទាំងបានដកហូតវត្ថុតាង មានដូចជាកុំព្យូទ័រលើតុ ទូរសព្ទដៃ និងកុំព្យូទ័រយួរដៃមួយចំនួន។
ក្រៅពីការបង្ក្រាបទីតាំងទាំង៤ខាងលើ ក្រុមការងារបានចុះត្រួតពិនិត្យនៅកាស៊ីណូ ហ្គោលដិន ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ផងដែរ ដោយរកឃើញសម្ភារៈសង្ស័យពាក់ព័ន្ធនឹងការធ្វើ សកម្មភាពឆបោកតាមអនឡាញ រួមមាន កុំព្យូទ័រលើតុចំនួន ១៨៦ គ្រឿង និងទូរសព្ទដៃចំនួន ១៥៤ គ្រឿង។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត៕