បន្ទាយមានជ័យ៖ គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃទី ២២ មីនាម្សិលមិញ មានប្រជាពលរដ្ឋភៀសសឹក ដែលរត់ភៀសខ្លួនពីសង្គ្រាមឈ្លានពាននៅតាមព្រំដែនប្រមាណ៤០០គ្រួសារហើយបានចូលទៅស្នាក់នៅ ក្នុងជម្រកបណ្តោះអាសន្ន ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ជម្រកបណ្តោះអាសន្ននេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សាងសង់នៅលើផ្ទៃដីទំហំប្រមាណ ៤០០ហិកតា។
លោក ឃ្លោក នួយ អភិបាលរងបន្ទាយមានជ័យ បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ថា គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃទី ២២ មីនាម្សិលមិញ មានប្រជាពលរដ្ឋភៀសសឹកប្រមាណ៤២២គ្រួសារ បានមកស្នាក់នៅ ហើយផ្ទះនីមួយៗ សម្រាប់មួយគ្រួសារ ដែលមានទំហំផ្ទះ ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ នៅលើក្បាលដីទទឹង ២០ម៉ែត្រ និង បណ្ដោយ៣០ម៉ែត្រ។
នៅក្នុងជម្រកបណ្តោះអាសន្ននេះ រាជរដ្ឋាភិបាល បានរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ រួមមានទឹកស្អាត ភ្លើងអគ្គិសនី និង ការឧបត្ថម្ភថ្លៃប្រើប្រាស់ទឹកភ្លើងរយៈពេលពេញមួយឆ្នាំ ដើម្បីសម្រាលបន្ទុកជីវភាពប្រជាពលរដ្ឋភៀសសឹក ជាពិសេសអាជ្ញាធរបានសាងសង់សាលារៀនពីកម្រិតថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ មណ្ឌលសុខភាព ទីស្នាក់ការភូមិ។នេះបើយោងតាមលោក ឃ្លោក នួយ។
អភិបាលរងបន្ទាយមានជ័យ បានសង្កត់ធ្ងន់ថា ផ្ទះទាំង៣០០០ខ្នងនេះ គឺជាជម្រកបណ្តោះអាសន្នប៉ុណ្ណោះ ហើយនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាព្រំដែនជាថៃរួចរាល់ ហើយទាមទារដីដែលថៃឈ្លានពានបានមកវិញ រាជរដ្ឋាភិបាលនឹងឱ្យប្រជាពលរដ្ឋវិលទៅវិញ។ក្នុងករណីពលរដ្ឋណាមិនចង់វិញទៅវិញទេ ពួកគាត់មានសិទ្ធិដាក់ពាក្យស្នើសុំទៅកាន់ក្រុមការងាររាជរដ្ឋាភិបាល ដើម្បីពិនិត្យបាន។
យោងតាមក្រសួងមហាផ្ទៃកម្ពុជា គិតត្រឹមថ្ងៃទី២១ មីនា មានជនភៀសសឹកជាង៦១ម៉ឺននាក់ ឬ៩៥ភាគរយ នៃចំនួនសុរបជនភៀសសឹក ៦៤ម៉ឺន បានវិលទៅលំនៅឋានវិញ។បច្ចុប្បន្ន មានជនភៀសសឹកប្រមាណជាង៣៦០០០នាក់ទៀត កំពុងបន្តស្នាក់នៅជំរំ។
រដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមសសាងសង់ជម្រកបណ្ដោះអាសន្នដល់ជនភៀសសឹក ក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និង ខេត្តបន្ទាយមានជ័យ ។ជម្រកបណ្តោះអាសន្ន ជាយុទ្ធសាស្ត្រវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដែលបានគិតពីសុខទុក្ខជនភៀសសឹកណាម្នាក់ចោល ពិសេសគឺដើម្បីធានាថាប្រជាពលរដ្ឋភៀសសឹក មានកន្លែងស្នាក់នៅសមរម្យ ប្រកបដោយសុវត្ថិភាព និង សុខុមាលភាព៕