681 ezgif.com resize
Swift cc time

អាជ្ញាធរមីន អំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះ ក្នុងខេត្តចំនួន៥

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី២០ ខែមីនានេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ តាមបណ្តោយព្រំដែន ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រាប់បែកចង្កោមនិងគ្រាប់មិនទាន់ផ្ទុះ ដែលប្រើប្រាស់ដោយយោធាថៃ។

យោងតាមអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កន្លងទៅ យោធាថៃបានរំលោភបំពានអធិបតេយ្យភាពកម្ពុជា និងបានប្រើប្រាស់គ្រាប់បែកចង្កោម គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ផ្សេងៗ ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ យ៉ាងធ្ងន់ធ្ងរ។ គ្រាប់ទាំងនោះ នៅសេសសល់ និងរាយប៉ាយតាមបណ្តោយព្រំដែន ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង ដែលអាចបណ្តាលឱ្យផ្ទុះ និងបង្កគ្រោះថ្នាក់ ដល់អាយុជីវិតគ្រប់ពេលវេលា។ កន្លងមកថ្មីៗនេះ មានប្រជាពលរដ្ឋ និងកុមារ បានរងគ្រោះថ្នាក់ដល់ជីវិត របួស និងពិការជាបន្តបន្ទាប់ដោយសារគ្រាប់ទាំងនោះ ពិសេសគ្រាប់បែកចង្កោម។

ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ក៏ដូចជាចូលរួមបង្ការនិងទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារ គ្រាប់បែកចង្កោមនិងគ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀត អាជ្ញាធរកម្ពុជា ណែនាំប្រជាពលរដ្ឋប្រុងប្រយ័ត្នប្រសិនបើប្រទះឃើញវត្ថុដែលមានរូបរាងស្រដៀងនឹងគ្រាប់បែកចង្កោម សូម កុំរើស កុំកាន់ កុំគប់ កុំដំ ឬកែច្នៃ ជាដាច់ខាត។ ប្រសិនបើប្រទះឃើញ ត្រូវរាយការណ៍ភ្លាមៗទៅកាន់ កងកម្លាំងប្រដាប់អាវុធ នគរបាលជាតិ អាជ្ញាធរមូលដ្ឋាន (មេភូមិ មេឃុំ) ឬ ប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតបំផុត ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល។ កុំចូលទៅក្នុងតំបន់ ឬប្រើប្រាស់ដីណាដែលសង្ស័យថាមានគ្រាប់មិនទាន់ផ្ទុះ និងត្រូវសាកសួរ ព័ត៌មានឱ្យបានច្បាស់លាស់ពីអាជ្ញាធរមុននឹងចូលទៅកាន់តំបន់ទាំងនោះ៕


Khcct banner

អត្ថបទទាក់ទង