Yearendyearend1140x150

ធនាគារពិភពលោកស្នើរដ្ឋាភិបាលជួយសម្រួលដល់ការធ្វើអាជីវកម្ម និងការវិនិយោគ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ World Bank ស្នើឲ្យរដ្ឋាភិបាលកម្ពុជាជួយសម្រួលភាពងាយស្រួលដល់ការធ្វើអាជីវកម្មនិងការវិនិយោគក្នុងស្រុក និងពីបរទេស ដើម្បីជួយស្តារសេដ្ឋកិច្ចកម្ពុជាឲ្យងើបឡើងវិញនៅក្នុងបរិបទកូវីដ១៩ ក៏ដូចជាទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ នេះបើតាមការលើកឡើងរបស់លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា បានមានប្រសាសន៍ថា “ចក្ខុវិស័យកំណើនរបស់កម្ពុជានៅប្រឈមនឹងភាពមិនប្រាកដប្រជាច្រើនណាស់។ គោលដៅដ៏សំខាន់បំផុតនៃគោលនយោបាយនាពេលនេះគឺ ជាបន្ទាន់ ត្រូវធ្វើយ៉ាងណាស្តារឡើងវិញនូវការងារដែលបាត់បង់ ឬដោយសារព្យួរដោយសារតែការរាលដាលនៃជំងឺកូវីដ១៩”។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា បានបន្តថា “ឆ្ពោះទៅពេលខាងមុន ជាការចាំបាច់ដែលជម្រុញលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុក និងពីបរទេសឲ្យទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងក្នុងតំបន់ដែលត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ។ លទ្ធភាពនេះអាចធ្វើទៅរួចតាមរយៈការដាក់ចេញឲ្យបានឆាប់រហ័សនូវច្បាប់វិនិយោគមានភាពប្រកួតប្រជែង និងប្រការលើកទឹកចិត្តនានាដល់ការវិនិយោគ អមដោយវិធានការទាំងឡាយសំដៅបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្មផងដែរ”។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកបានលើកឡើងថា ក្នុងគោលបំណងជួយកម្ពុជាឲ្យឆាប់រើខ្លួនចេញពីការរាតត្បាតជំងឺនេះ ជាអនុសាសន៍របាយការណ៍បានស្នើឲ្យបង្កើនការវិនិយោគសាធារណៈសម្រាប់ជួយដល់ជនក្រីក្រ និងសម្រាប់ជម្រុញកំណើនរួមមានទាំងកម្មវិធីបង្កើតការងារជាថ្នូរយកប្រាក់កម្រៃប្រចាំថ្ងៃផង ហើយទន្ទឹមនឹងនេះ លើកកម្ពស់វិស័យអតិពលកម្មនានាដើម្បីបង្កើតការងារក្នុងឳកាសដែលមានការងើបឡើងឆាប់រហ័សនៃតម្រូវការទំនិញប្រើប្រាស់ក្នុងស្រុក។

របាយការណ៍ក៏បានលើកឡើងដែរនូវឳកាសនានាសម្រាប់សម្រួលការពង្រីកការវិនិយោគក្នុងស្រុកនិងពីបរទេស ដោយផ្អែលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងក្នុងតំបន់ក្នុងពេលថ្មីៗនេះ រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជាចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

គួរបញ្ជាក់ថា ការរាតត្បាតកូវីដ-១៩ នៅតែបន្តជះផលអវិជ្ជមាននៅលើសកម្មភាពធុរកិច្ច។ ប៉ុន្តែក្នុងសភាពមួយដែលមិនសូវធ្វើណាស់ណាទេ បើធៀបទៅនឹងពេលដែលវិបត្តិបានផ្ទុះឡើងភ្លាម។ ការបាត់បង់ចំណូលនៅតែមានធំធេងនៅឡើយបើទោះបីជាការធ្លាក់ចុះចំណូលគ្រួសារបន្ថយល្បឿនបន្តិចវិញក្រោយពីរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួនសម្រាប់ផ្ទេរសាច់ប្រាក់ជួយដល់ពលរដ្ឋក្រីក្រនិងងាយរងគ្រោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង