សៀមរាប៖ អាជ្ញាធរជាតិអប្សរា ត្រៀមលក្ខណៈស្វាគមន៍ភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍សមរាត្រី (Equinox) នៅប្រាសាទអង្គរវត្ត នាពេលខាងមុខ រួមទាំងភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទេសចរណ៍យ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រួលទទួលភ្ញៀវទេសចរមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យ "ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត"។
ព្រឹត្តិការណ៍ដ៏អស្ចារ្យ "ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត" ឬសមរាត្រី (Equinox) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ ដោយឡែក ភ្ញៀវជាតិនិងអន្តរជាតិអាចអញ្ជើញមកគយគន់ថ្ងៃរះនៅអង្គរវត្តដែលមានទិដ្ឋភាពដ៏ត្រចះត្រចង់ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
អាជ្ញាធរជាតិអប្សរា បានចាត់តាំងភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទេសចរណ៍យ៉ាងយកចិត្តទុកដាក់ ដើម្បីសម្របសម្រួលលំហូរចរាចរណ៍ថ្មើរជើង រក្សាអនាម័យបរិស្ថាន និងធានាសុវត្ថិភាពទូទៅក្នុងអំឡុងពេល៣ថ្ងៃនៃព្រឹត្តិការណ៍នេះ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងផ្តល់បទពិសោធន៍ទស្សនាដ៏ល្អប្រសើរជូនភ្ញៀវទេសចរ ដែលត្រូវបានរំពឹងថានឹងមានចំនួនយ៉ាងច្រើនកុះករ។
គួររម្លឹកថា ព្រឹត្តិការណ៍សមរាត្រីតែងតែទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍រាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កន្លងទៅ ព្រឹត្តិការណ៍ដ៏កម្រនេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណ ៨ម៉ឺននាក់មកកម្សាន្តនៅរមណីយដ្ឋានអង្គរ៕