កណ្តាល៖អាជ្ញាធរកណ្តាល នៅថ្ងៃទី ១៩ មីនា បានសម្រេចបិទ«ក្រុមហ៊ុន/កាស៊ីណូ»ចំនួន ១១ ទីតាំង ក្នុងក្រុងសំពៅពូន ក្រោយរកឃើញថាទីតាំងទាំងអស់នោះ មានជាប់ពាក់ព័ន្ធ ករណីបទល្មើស Online Scams។ក្នុងប្រតិបត្តិការចុះបិទនោះ អាជ្ញាធរបានចាប់ខ្លួនមនុស្សដែលបន្តលួចធ្វើសកម្មភាព និងបានរឹបអូសសម្ភារមួយចំនួន ដើម្បីរៀបចំនីតិវិធីតាមផ្លូវច្បាប់។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ក្នុងប្រតិបត្តិការចុះបិទទាំង១១ទីតាំងខាងលើ គឺមិនមានការចាប់មនុស្សនោះទេ ដោយហេតុថា ជនបរទេសទាំងអស់នោះបានរត់ចេញពីទីតាំង ហើយអាជ្ញាធរបានរឹបអូសសម្ភារមួយចំនួនដូចជា កំព្យូរទ័ និងទូរស័ព្ទដៃមួយចំនួន។លោកថា ក្រោយមកទៀតអាជ្ញាធរបានបន្តស្រាវជ្រាវឃើញមានលូចជួលផ្ទះ ឬខុនដូ ដើម្បីធ្វើសកម្មភាព ហើយចាប់បានជនល្មើសមួយចំនួនកំពុងស្រាវជ្រាវអនុវត្តនីតិវិធីតាមផ្លូវច្បាប់។
លោក គួច ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ជាពិសេស ត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ជៀសវាងមានការជាប់ពាក់ព័ន្ធ និង បទល្មើស Scam Online និង ត្រូវសង្កេតចាប់អារម្មណ៍ ចំពោះអ្នកស្នាក់នៅជាក្រុម មានភ្ជាប់ Internet ទំហំធំៗ គួរឱ្យសង្ស័យ សូមចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និង បង្ក្រាបបានទាន់ពេលវេលា។
បន្ថែមពីនេះលោកបាន ជំរុញឱ្យអាជ្ញាធរក្រុងសំពៅពូន ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការការពារតាមបណ្តាក្រុមហ៊ុន/កាស៊ីណូ ដែលបានបិទសៀល ពាក់ព័ន្ធនិងករណីបទល្មើស Scam Online ឱ្យបានល្អប្រសើរ ហាមមិនឱ្យអ្នកដែលគ្មានភារកិច្ចចូល និងថែរក្សាវត្ថុតាង សម្ភារៈនានាកុំឱ្យបាត់បង់ ដើម្បីទុកចាត់ចែងទៅតាមនីតិវិធីច្បាប់បន្តទៀត៕