ព្រះវិហារ៖ បន្ទាប់ពីការប្តេជ្ញាចិត្តនាពេលថ្មីៗនេះ ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ក្រុមហ៊ុន Grab កំពុងបន្តគាំទ្រជំនួយជាស្បៀងអាហារ និងការថែទាំសុខភាពដល់គ្រួសារ ក្នុងសហគមន៍ដែលរងផលប៉ះពាល់រាប់ពាន់នាក់ក្នុងខេត្តព្រះវិហារ។ គំនិតផ្តួចផ្តើមផ្តល់មូលនិធិពី Grab ក្នុងទំហំទឹកប្រាក់ ១២០.000 (១២ ម៉ឺន) ដុល្លារ អនុវត្តដោយអង្គការទស្សនៈពិភពលោក បានឈានទៅដល់ ដំណាក់កាលចែកចាយដ៏សំខាន់មួយ ដើម្បីដោះស្រាយការលំបាកដែលបន្តអូសបន្លាយ គាំទ្រសេវាសុខភាព និងផ្តល់ជំនួយអាហារូបត្ថម្ភ រួមទាំងសម្ភារៈប្រើប្រាស់សម្រាប់ស្ត្រី និងកុមារដែលងាយរងគ្រោះ នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់។
ដើម្បីពង្រឹងការឆ្លើយតបការសង្គ្រោះជីវិតនេះ អង្គការទស្សនៈពិភពលោក សហការជាដៃគូជាមួយក្រុមហ៊ុន Grab បាននិងកំពុងផ្តល់ការផ្សព្វផ្សាយអំពីសុខភាពចល័ត និងការចែកចាយជំនួយស្បៀង អាហារនៅ ទូទាំងតំបន់ដែលរងផលប៉ះពាល់។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានគោលបំណងចូលរួមចំណែកការពារ កង្វះអាហារូបត្ថម្ភ ការថែរក្សាសេវាសុខភាពមាតា និងធានាថាកុមារ បន្តទទួលបានការថែទាំទាន់ពេលវេលា។
លោកជេនេស អ៉ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំ នៅកម្ពុជា បានមានប្រសាសន៍ថា៖ «ការទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព គឺជាមូលដ្ឋានគ្រឹះ សម្រាប់សុខុមាលភាពរបស់គ្រប់សហគមន៍ ជាពិសេសសម្រាប់ក្រុមដែលងាយរងគ្រោះ បំផុត ដូចជាកុមារ និងស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន ជាពិសេសក្នុងអំឡុងពេលមានការលំបាក។ អង្គការទស្សនៈ ពិភពលោក សូមកោតសរសើរដោយស្មោះចំពោះភាពជាដៃគូ និងការរួមចំណែកដ៏សប្បុរសរបស់ក្រុមហ៊ុន និងមន្ទីរសុខាភិបាលខេត្ត ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងលទ្ធភាពទទួលបាន និងគុណភាព នៃសេវាសុខភាពសំខាន់ៗនៅក្នុងខេត្តព្រះវិហារ។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត រួមគ្នាក្នុងការលើក កម្ពស់សុខភាព និងសុខុមាលភាពរបស់គ្រួសារ និងសហគមន៍»។
ជាផ្នែកនៃកិច្ចសហការនេះ គ្រួសារចំនួន ៨៥០ បានទទួលជំនួយស្បៀងអាហារ ហើយកុមារចំនួន ១.២០០ នាក់ និងស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូនចំនួន ៤៧៤ នាក់ បានទទួលកញ្ចប់អាហារូបត្ថម្ភ នៅទូទាំង ជំរុំសុវត្ថិភាពក្នុងខេត្តព្រះវិហារ។ បុគ្គលិកសុខាភិបាលបាននិងកំពុងចុះផ្សព្វផ្សាយសុខភាពតាមសហគមន៍ តាមដានសុខភាពក្រុមងាយរងគ្រោះ និងការផ្តល់សេវាសុខភាពសម្រាប់មាតា និងទារក។
បន្ថែមពីលើនេះ ដើម្បីលើកកម្ពស់សេវាសុខភាពដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល និង រងផលប៉ះពាល់ បានបរិច្ចាគម៉ូតូដល់មន្ទីរសុខាភិបាលខេត្ត និងមណ្ឌលសុខភាពក្នុងស្រុក។ ជំនួយនេះ អនុញ្ញាតឱ្យបុគ្គលិកសុខាភិបាលធ្វើដំណើរផ្លូវឆ្ងាយនៅលើផ្លូវលំបាក ដើម្បីធ្វើការចុះសួរសុខទុក្ខនៅផ្ទះ ការតាមដានសង្គ្រោះបន្ទាន់ និងការត្រួតពិនិត្យអាហារូបត្ថម្ភកាន់តែមានប្រសិទ្ធភាព។
លោក កង សុវណ្ណារ៉ូត (Mike) នាយកគ្រប់គ្រង Grab ប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា មានប្រសាសន៍ថា៖ «Grab ប្តេជ្ញាឈរជាមួយសហគមន៍ក្នុងគ្រាលំបាក។ ការធ្វើការជាមួយអង្គការទស្សនៈពិភពលោក អាចឱ្យ យើងរួមចំណែកយ៉ាងមានអត្ថន័យដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់ និងជួយធានាថាគ្រួសារ ដែល ត្រូវការជំនួយទទួលបានការគាំទ្រទាន់ពេលវេលា»។
កិច្ចអន្តរាគមន៍នេះ បានរួមចំណែកដល់ការឆ្លើយតបផ្នែកមនុស្សធម៌របស់អង្គការទស្សនៈពិភពលោក ដែល បច្ចុប្បន្នកំពុងជួយគាំទ្រដល់ប្រជាពលរដ្ឋប្រមាណ ១៤៥.000 នាក់ ដែលរងផលប៉ះពាល់ដោយសារជម្លោះ ព្រំដែន។ អង្គការទស្សនៈពិភពលោកនៅតែបន្តផ្តល់អាទិភាពដល់តម្រូវការសុខភាព និងអាហារូបត្ថម្ភជាបន្ទាន់ ពោលគឺការធានាថាជំនួយទៅដល់អ្នកដែលត្រូវការច្រើនបំផុត នៅពេលដែលត្រូវការបំផុត៕