ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំង Online Scam មួយកន្លែង ស្ថិតនៅបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ និងឃាត់ជនជាតិចិន១៩នាក់។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចចម្រុះ បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ក្រោមការសម្របសម្រួលនីតិវិធីពីលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងនោះ ក្រុមការងារជំនាញបានត្រួតពិនិត្យរកឃើញជនជាតិចិន ចំនួន១៩នាក់ និងដកហូតសម្ភារៈ ទូរស័ព្ទដៃ ចំនួន១២៣គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន១គ្រឿង, ធុង CPU ចំនួន១គ្រឿង, កុំព្យូទ័រ All in One ចំនួន៨គ្រឿង, ម៉ូនីទ័រចំនួន២គ្រឿង, មួកសមត្ថកិច្ចចិនចំនួន៤, អាវសមត្ថកិច្ចចិនលេវមាស ចំនួន៣, ខោពណ៌បៃតងចាស់ ចំនួន៣, អាវសាច់ក្រណាត់ពណ៌បៃតងខ្ចី ចំនួន៣, ក្រវ៉ាត់ក ពណ៌បៃតងចាស់ ចំនួន១។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យប្រើប្រទេសកម្ពុជាឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា online Scames ក្រោមរូបភាពក្លែងបន្លំ និងក្លែងឯកសារជាសមត្ថកិច្ចប្រទេសចិន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងចាត់ការបន្ដតាមនីតិវិធី៕