ភ្នំពេញ៖ អាជ្ញាធរកម្ពុជា នៅថ្ងៃទី១១ដល់១៥ ខែមីនា បន្តធ្វើការបណ្តេញចេញជនបរទេស ចំនួន១,៤២០នាក់ ក្នុងនោះ មានស្ត្រី ១៦៩នាក់ មកពី ២៣សញ្ជាតិ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) បណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើការងារខុសច្បាប់នៅកម្ពុជា។
ជនបរទេស ចំនួន១,៤២០នាក់ (ស្ត្រី ១៦៩នាក់)នេះ មកពី ២៣សញ្ជាតិ រួមមាន យ៉ូហ្គង់ដា កេនយ៉ា ឥណ្ឌា ចិន នីហ្សេរីយ៉ា ហ្គាណា លីបេរីយ៉ា កុងហ្គោល ឥណ្ឌូនេស៊ី ស្រីលង្កា មីយ៉ាន់ម៉ា ប៉ាគីស្ថាន ម៉ាឡេស៊ី ជប៉ុន នេប៉ាល់ វៀតណាម ហ្វីលីពីន កាមេរូន អាមេរិក ចិនតៃវ៉ាន់ បង់ក្លាដេស កូរ៉េ និងឡាវ។
ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕