681 ezgif.com resize
Swift cc time

លោកស្រី ម៉ៅ ចំណាន ត្រូវបានតែងតាំងជា«អភិបាលកិត្តិយស»នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) នៅថ្ងៃទី១៥ មីនា បានប្រកាសថា លោកស្រី ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានទទួលយកតួនាទីជាអភិបាលកិត្តិយសនៃមហោស្រពភាពយន្ត។ ក្នុងនាមជាអភិបាលកិត្តិយស លោកស្រី ម៉ៅ ចំណាន ដើរតួជាអ្នកលើកស្ទួយសិល្បៈឈានមុខមួយរូបដើម្បីជំរុញការរីកចម្រើននៃឧស្សាហកម្មភាពយន្តដ៏រឹងមាំ និងប្រកបដោយចីរភាពនៅកម្ពុជាដោយលើកកម្ពស់វិស័យសិល្បៈថាជាផ្នែកមួយ ដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងនិងអត្តសញ្ញាណជាតិ របស់ព្រះរាជាណាចក្រកម្ពុជា។

CIFF ចាត់ទុកការតែងតាំងនេះ ថាជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រដល់អ្នកផលិតភាពយន្ត កម្ពុជាលើកកម្ពស់ទេពកោសល្យច្នៃប្រឌិតក្នុងស្រុកនិងជំរុញកំណើនសេដ្ឋកិច្ចច្នៃប្រឌិត ឱ្យកាន់តែទូលំទូលាយ។ មហោស្រពភាពយន្តនេះមានគោលបំណងធ្វើជាស្ពានចម្លងរវាង វិស័យឯកជននិងវិស័យសាធារណៈដោយជំរុញហេដ្ឋារចនាសម្ព័ន្ធសហការដែលចាំបាច់សម្រាប់ឧស្សាហកម្មភាពយន្តជាតិឱ្យរីកចម្រើន។

លោកស្រី ម៉ៅ ចំណាន បានមានប្រសាសន៍អំពីតួនាទីថ្មីនេះថា៖ «កម្ពុជាគឺជាទឹកដីដែលសម្បូរទៅដោយសិល្បៈ និងវប្បធម៌ដ៏រស់រវើក។ ពន្លឺដ៏ត្រចះ ត្រចង់នៃមរតកវប្បធម៌ខ្មែរនឹងក្លាយជាប្រភពបំផុសគំនិតដល់ស្នាដ របស់ អ្នកផលិតភាពយន្តគ្រប់រូបដើម្បីឱ្យក្លាយជាការច្នៃប្រឌិតផ្នែករូបភាព ដ៏គួរឱ្យទាក់ទាញ បំផុតមួយនៅក្នុងទីផ្សារអន្តរជាតិ។ កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសិល្បករ និងអ្នកផលិតភាពយន្តអន្តរជាតិទាំងអស់មកកាន់ប្រទេសរបស់យើង ដែលជាស្ទូឌីយោ វប្បធម៌ដ៏ចំណាស់ និងធំបំផុតមួយនៅក្នុងពិភពលោក។ ក្នុងនាមជាប្រធានកិត្តិយស នាងខ្ញុំមានមោទនភាពក្នុងការគាំទ្រ រួមចំណែក និងលើកទឹកចិត្តតាមគ្រប់មធ្យោបាយ ចំពោះវត្តមាន និងការផលិតភាពយន្តរបស់អស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា»។

គូរបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា(CIFF)ត្រូវបានបង្កើតឡើងក្នុងគោលបំណង អបអរសាទរសិល្បៈភាពយន្ត និងមានគោលដៅកំណត់ទីតាំងកម្ពុជាជាគោលដៅ ឈានមុខគេសម្រាប់វប្បធម៌ភាពយន្តនៅអាស៊ីអាគ្នេយ៍។ CIFF បម្រើជាវេទិកាសម្រាប់អ្នកផលិតភាពយន្តក្នុងស្រុក និងអន្តរជាតិ ក្នុងការទំនាក់ទំនង សហការ និងបង្ហាញស្នាដៃរបស់ពួកគេ ដែលជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌ សុក្រឹតភាពនៃសិល្បៈនិងកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង