ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេសលើមុខទំនិញមួយចំនួន។
យោងតាមមាត្រា១នៃអនុក្រឹត្យបានឱ្យដឹងថា រដ្ឋបានកាត់បន្ថយអត្រាពន្ធគយលើមុខទំនិញនាំចូលមួយចំនួនមានជាអាទិ៍ ទំនិញវត្ថុធាតុដើមសម្រាប់ផលិតកម្មចំណីអាហារ និងភេសជ្ជៈ និងប្រព័ន្ធសូឡាចំនួន១៣បន្ទាត់ពន្ធនៃតារាពន្ធគយកម្ពុជា។ទំនិញឧបករណ៍ និងគ្រឿងម៉ាស៊ីនកែច្នៃសំខាន់ៗដែលបម្រើការដល់សង្វាក់ផលិតកម្មនានា។
កាត់បន្ថយពន្ធពី៣៥ភាគរយមក៧ភាគរយលើមុខទំនិញអាល់កុលសម្លាប់មេរោគ និង មុខទំនិញមួយចំនួនទៀតដែលគាំទ្រដល់វិស័យឧស្សាហកម្ម។កាត់បន្ថយពន្ធពី៣៥ភាគរយមក១៥ភាគរយ លើមុខទំនិញជាវត្ថុធាតុដើម និងធាតុចូលផលិតកម្ម។
ជាមួយនឹងការកាត់បន្ថយពន្ធលើទំនិញមួយចំនួន រដ្ឋាភិបាលក៏បានកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួនផងដែរដូចជា៖ ទំនិញប្រេរំអិលប្រើប្រាស់ក្នុងវិស័យវាយនភ័ណ្ឌ ម៉ាស៊ីនលាងចាន និងទោចក្រយាន ពី១០ភាគរយមក០ភាគរយ។ទំនិញសម្ភារៈអគ្គិសនីប្រើប្រាស់ក្នុងផ្ទះពី១០មក៥ភាគរយ។វិធានការនេះ រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០២១តទៅ៕



