681 ezgif.com resize
Swift cc time

យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ទទួលបានជោគជ័យ ក្លាយជាគំរូសម្រាប់បណ្តាប្រទេសក្នុងតំបន់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ទទួលបានជោគជ័យ និងបានក្លាយជាគំរូសម្រាប់បណ្តាប្រទេសក្នុងតំបន់ ដោយមានពលរដ្ឋចូលរួម ចំនួនប្រមាណ ៩លាន នាក់ ដើម្បីផ្សព្វផ្សាយទៅដល់មនុស្សរាប់លាននាក់ទៀតនៅក្នុងប្រទេសកម្ពុជា និងដល់ពិភពលោក អំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង Malinformation និងDisinformation ដើម្បីផ្តល់សុវត្ថិភាពឌីជីថលជូនពលរដ្ឋកម្ពុជា និងក្នុងក្របខណ្ឌប្រឆាំងព័ត៌មានក្លែងក្លាយក្នុងតំបន់ និងជាសកល។

តាមរយៈយុទ្ធនាការជាតិនេះ ប្រតិបត្តិករ និងតួអង្គទាំងអស់ដែលចូលរួមបានចាក់បញ្ចូលមាតិកាលើកម្ពស់អក្ខរកម្ម និងបែបអប់រំក្នុងទម្រង់ចម្រុះចំនួនជាង១២.០០០ មាតិកាទៅក្នុងបណ្តាញសង្គម ដោយទទួលបានអ្នកតាមដាន ដើម្បីចែករំលែកបន្តសរុបជាង ៨,៤ លាន ក្នុងយុទ្ធនាការនេះ។

មិនតែប៉ុណ្ណោះ សារអប់រំក៏ត្រូវបានបញ្ជូនតាមរយៈប្រព័ន្ធសារចល័ត(SMS) បានទៅដល់ដៃអ្នកប្រើប្រាស់ទូរសព្ទ ២៣ លាន ខ្សែ/គណនីនៅទូទាំងប្រទេស។ ការផ្សព្វផ្សាយតាមបែបឌីជីថលទាំងនេះ ត្រូវបានបន្ទរបន្ថែមដោយការចុះផ្សព្វផ្សាយដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ដែលបានរៀបចំតាមទីប្រជុំជនរាជធានី-ខេត្តចំនួនជាង ៥០០ លើក និងការផ្សាយសារអប់រំលើផ្ទាំងប៉ាណូធំៗចំនួន ៦១ ផ្ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

លោក ទេព អស្នារិទ្ធ ប្រធានលេខាធិការដ្ឋាននៃក្រុមការងារចំពោះកិច្ចរៀបចំយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយបានថ្លែងថា យុទ្ធនាការបានចូលរួមផ្តល់ស្ថិរភាពសតិអារម្មណ៍ និងសាមគ្គីភាពជាតិក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ដោយទប់ស្កាត់បាននូវការធ្លាក់ចូលក្នុងអន្ទាក់ព័ត៌មានក្លែងក្លាយពីបរទេស និងសារព័ត៌មានក្រៅប្រទេសដែលបម្រើរបៀបវារៈនយោបាយឈ្លានពានទឹកដី រំលោភអធិបតេយ្យភាពកម្ពុជា។

គួរបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលដឹកនាំដោយក្រសួងព័ត៌មាន ត្រូវបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៥ ក្នុង២៥រាជធានី-ខេត្ត ដើម្បីលើកកម្ពស់សន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ដោយផ្តោតលើការបង្កើនកម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមពលរដ្ឋ ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមសកម្មចំនួនជាង ១៤លាននាក់ ស្មើនឹងប្រមាណ៧៨% នៃចំនួនពលរដ្ឋសរុប៕


Khcct banner

អត្ថបទទាក់ទង