ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ មីនាម្សិលមិញ បានកោះប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និង ចែកចាយជីកសិកម្មក្នុងស្រុក ដើម្បីវាយតម្លៃស្ថានភាពនៃការផ្គត់ផ្គង់ និងការប្រែប្រួលនៃតម្លៃជីកសិកម្ម។ក្នុងកិច្ចប្រជុំនោះ អង្គប្រជុំពិនិត្យឃើញថានៅកម្ពុជាមិនខ្វះខាត«ជី ថ្នាំ»សម្រាប់ផ្គត់ផ្គង់លើវិស័យកសិកម្មនោះទេ ប៉ុន្តែតម្លៃអាចកើនឡើង ហើយរដ្ឋមន្ត្រីសុំភាគីពាក់ព័ន្ធចូលរួមសម្រួលតម្លៃសមរម្យ។
យោងតាមការចុះផ្សាយខ្លីពីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា នៅសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយ តំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក ដើម្បីវាយតម្លៃស្ថានភាពនៃការផ្គត់ផ្គង់ និង ការប្រែប្រួលនៃតម្លៃជីកសិកម្ម ក្នុងបរិបទនៃសម្ពាធទីផ្សារសកលបណ្ដាលមកពីការប៉ះទង្គិចគ្នានៅតំបន់មជ្ឈិមបូព៌ា។
បើតាមប្រភពដដែល បានរាយការណ៍ថាជាបឋមអង្គប្រជុំបានពិនិត្យឃើញថា នៅកម្ពុជានឹងមិនខ្វះខាតជី ថ្នាំសម្រាប់ផ្គត់ផ្គង់លើវិស័យកសិកម្មនោះទេ ប៉ុន្តែសម្ពាធទីផ្សារសកលបណ្តាលមកពីការប៉ះទង្គិចគ្នានៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យថ្លៃកើនឡើង។
តែយ៉ាងណាក្នុងកិច្ចប្រជុំ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីបានស្នើសុំឱ្យអ្នកផ្គត់ផ្គង់ជី ថ្នាំសម្រួលតម្លៃឱ្យស្ថិតក្នុងកម្រិតសមរម្យជូនកសិករអាចទទួលយកបានសម្រាប់យកទៅប្រើប្រាស់នៅរដូវបង្កបង្កើនផលខាងមុខ៕