681 ezgif.com resize
Swift cc time

សេចក្តីព្រាងច្បាប់ប្រឆាំង Online Scam ត្រូវបានដាក់ឆ្លងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃស្អែក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នឹងត្រូវដាក់ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកម្ពុជានាថ្ងៃស្អែកនេះ មុននឹងត្រូវដាក់ឆ្លងទៅសភាជាតិ ដើម្បីអនុម័ត។នេះបើយោងតាមលោកស្រី ឌី ម៉ូឡានី អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ នៅល្ងាចថ្ងៃទី ១២ មីនានេះ។

លោកស្រី ឌី ម៉ូឡានី បានគូសបញ្ជាក់ថា ច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នេះ នឹងបង្កើតបានជាក្របខ័ណ្ឌគតិយុត្តមួយដ៏សំខាន់ និង ច្បាស់លាស់បន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ, ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។

បើតាមលោកស្រី ឌី ម៉ូឡានី បានពន្យល់ថា សេចក្តីព្រាងច្បាប់ប្រឆាំង Online Scam តាក់តែងឡើង​ស្រប​ជា​មួយ​​ស្មារតី​នៃ​អនុ​សញ្ញា​អន្តរជាតិ​ដែលកម្ពុជាទើបតែចុះហត្ថលេខារួច និង តាមឲ្យទាន់បទ​ល្មើស​បច្ចេក​វិទ្យា​​​កំពុងរីកចម្រើននាពេលបច្ចុប្បន្ន។ដូច្នេះទាមទារឱ្យរាជរដ្ឋាភិបាលបង្កើតច្បាប់តាមទាន់​ជាមួយ​នឹង​បទ​ល្មើស​ទាំង​អស់​នេះ ​ដើម្បី​ដាក់​ទោស​ជនល្មើ​ស។

ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកបញ្ហាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក៏ជាបញ្ហាដែលត្រូវសម្អាតផ្ទះយើង ហើយការងារនេះ គឺជាកិច្ចការងារធ្វើជាប្រចាំ និង ជារៀងរហូត មិនមែនធ្វើតែមួយថ្ងៃឬពីរថ្ងៃនោះទេ។

សម្តេចហ៊ុន ម៉ាណែត បានអះអាងថា បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងរៀបចំច្បាប់ប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្នុងច្បាប់នេះ ក៏បានកំណត់ និង ដាក់ចេញនូវកាតព្វកិច្ចមួយចំនួន ចំពោះអ្នកពាក់ព័ន្ធរួមទាំងម្ចាស់ទីតាំងជួលឱ្យក្រុមឧក្រិដ្ឋជនផងដែរ៕

Khcct banner

អត្ថបទទាក់ទង