ភ្នំពេញ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម សង្កេតឃើញថា បច្ចុប្បន្នការសាងសង់ផ្ទះ ឬ អគារថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារមានការកើនឡើងគួរឱ្យកត់សម្គាល់។ រដ្ឋបាលព្រៃឈើ បានជូនដំណឹងដល់ម្ចាស់ទីតាំងដែលមានបំណង និងកំពុងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារ ឲ្យបានដឹងថា ការថែរក្សាសត្វត្រចៀកកាំអាចមានហានិភ័យពីការចម្លងជំងឺពីសត្វមកមនុស្ស ហើយការចាក់ និងបំពងសំឡេងឮខ្លាំងហួសកម្រិតច្រើនម៉ោង ដើម្បីទាក់ទាញសត្វត្រចៀកកាំ អាចបង្កឱ្យមានការរំខានដល់អ្នកជិតខាង និងប៉ះពាល់ដល់សុខភាពសាធារណៈ។
ដើម្បីកាត់បន្ថយផលប៉ះពាល់នានា រដ្ឋបាលព្រៃឈើ ធ្វើការណែនាំដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារទាំងអស់៖ ត្រូវអនុវត្តស្របតាមអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យ ការបំពុលខ្យល់ និងការរំខានដោយសំឡេង នៅក្នុងតារាងឧបសម្ព័ន្ធ ៦ កម្រិតកំណត់ស្តង់ដារសំឡេងអតិបរិមា ដែលអនុញ្ញាតនៅតំបន់សារធារណៈ និងតំបន់លំនៅឋាន (dB(A))។ ត្រូវអនុវត្តវិធានជីវសុវត្ថិភាព និងធ្វើអនាម័យនៅជុំវិញ និងខាងក្នុងទីតាំងថែរក្សាសត្វត្រចៀកកាំជាប្រចាំ។ ត្រូវរាយការណ៍ជាបន្ទាន់នៅពេលសត្វត្រចៀកកាំមានជំងឺ ឬងាប់ ជូនដល់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដែលនៅជិតបំផុត។
រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងម៉ុតមាំថា ម្ចាស់ផ្ទះ ឬម្ចាស់អគារ ថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារទាំងអស់នឹងចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕