ភ្នំពេញ៖ រថយន្តក្រុងសាធារណៈនៅរាជធានីភ្នំពេញ នៅតែរក្សាតម្លៃ១៥០០រៀលក្នុងការជិះម្តងដដែល បើទោះបីនាពេលបច្ចុប្បន្ននេះ មានការឡើងថ្លៃប្រេងក៏ដោយ។ នេះបើតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃនេះ។
រថយន្តក្រុងសាធារណៈ ជាមធ្យោបាយធ្វើដំណើរដែលអាចជួយកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ការកកស្ទះចរាចរ សន្សំសំចៃថវិកា និង កាត់បន្ថយការបំពុលបរិស្ថាន ខណៈពេលប្រជាពលរដ្ឋអាចចំណាយថវិកាតិច ក្នុងតម្លៃត្រឹមតែ១៥០០រៀលប៉ុណ្ណោះក្នុងការជិះម្តង។ បច្ចុប្បន្ន មិនមានការប្រែប្រួលតម្លៃនោះទេ។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់ពលរដ្ឋធ្វើដំណើរទៅលេងស្រុកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយពុំមានការបង់ប្រាក់នោះទេ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ៕