681 ezgif.com resize
Swift cc time

ភាពយន្តដែលផ្ដុំដោយតួសម្ដែងខ្មែរ ត្រូវបានជ្រើសរើសឱ្យចាក់បញ្ជាំងនៅមហោស្រពភាពយន្តអន្តរជាតិល្បីៗជាបន្តបន្ទាប់ និងឈ្នះពាននៅអាម៉េរិក

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
តួសម្ដែងរឿង «Whisperings of the Moon» នាង នីន ដេកា (ខាងឆ្វេង) និងនាង ថុង សុភានិត្យ (ខាងស្ដាំ) រួមទាំងអ្នកដឹកនាំ នាង ឡៃ យូជីង (កណ្ដាល) អំឡុងមហោស្រពភាពយន្តអន្តរជាតិ Busan International Film Festival កាលពីឆ្នាំ ២០២៥ ។ 

ភាពយន្តឯករាជ្យ «Whisperings of the Moon» ដែលប្រមូលផ្ដុំទៅដោយតួសម្ដែងជាជនជាតិខ្មែរ បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍ភាពយន្តអន្តរជាតិជាបន្តបន្ទាប់។

ភាពយន្តដែលបានថតភាគច្រើននៅរាជធានីភ្នំពេញរបស់កម្ពុជាមួយនេះ បានឈ្នះពាន Grand Jury Prize for Best Narrative Feature (ពានគណៈមេប្រយោគសម្រាប់ខ្សែភាពយន្តដែលនិទានរឿងបានល្អបំផុត) នៅមហោស្របភាពយន្ត Slamdance Film Festival ក្នុងទីក្រុងឡូសអាន់ជ័រលេស សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ និងបានចុះផ្សាយនៅលើទស្សនាវដ្ឋីអន្តរជាតិដ៏ល្បីខាងសិល្បៈកម្សាន្តនៅអាមេរិក Variety កាលពីថ្ងៃទី ៤ មីនា ផងដែរ។

មុននោះ Whisperings of the Moon ក៏ត្រូវបានជ្រើសរើសឱ្យចាក់បញ្ចាំងនៅ Busan International Film Festival ដែលជាមហោស្រពភាពយន្តប្រចាំទ្វីបអាស៊ីដ៏ធំបំផុតមួយនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ហើយនឹងបន្តដំណើរទៅកាន់អឺរ៉ុប ដោយនឹងធ្វើការបង្ហាញខ្លួននៅ BFI Flare: London LGBTQIA+ Film Festival ដែលជាមហោស្រពភាពយន្ត LGBTQ+ ធំបំផុតមួយនៅទ្វីបអឺរ៉ុប។

Whisperings of the Moon ដែលអាចបកប្រែជាភាសាខ្មែរថា «សំឡេងខ្សឹបនៃព្រះចន្ទ» ត្រូវបានដឹកនាំដោយអ្នកដឹកនាំចិន នាង ឡៃ យូជីង (Lai Yuqing) ដែលបានទទួលមរណភាពនៅដើមឆ្នាំ ២០២៦ នេះ ត្រឹមអាយុ ២៣ ឆ្នាំ។ សម្រាប់ក្រុមការងារ ស្នាដៃភាពយន្តនេះមិនត្រឹមតែជាការជោគជ័យសិល្បៈមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចងចាំដ៏មានអត្ថន័យដែលរំឭកពីភាពប៉ិនប្រសព្វច្នៃប្រឌិត ទេពកោសល្យប្រកបដោយចង្ខុវិស័យ និងក្ដីស្រឡាញ់ចំពោះសិល្បៈរបស់នាង យូជីង។

ភាពយន្ត «Whisperings of the Moon» ប្រាប់ពីជីវិតរបស់តួអង្គ និស្ស័យ ដែលជាតួសម្ដែងល្ខោនសម័យមួយរូប ដែលវិលត្រឡប់ពីទីក្រុងញូវយ៉កមកកាន់ភ្នំពេញ បន្ទាប់ពីឪពុករបស់នាងបានទទួលមរណភាព។ នៅទីនោះ នាងបានជួបម្ដងទៀតជាមួយ ធីដា ដែលធ្លាប់ជាសង្សារនឹងគ្នាកាលពី ៧ ឆ្នាំមុន ក្នុងសាលល្ខោនសិល្បៈដែលពួកគេទាំង២ ធ្លាប់បានសាងស្នេហ៍។

ភាពយន្តនេះ ប្រមូលផ្ដុំដោយតួសម្ដែងខ្មែរភាគច្រើន ដូចជានាង នីន ដេកា សម្ដែងជាតួ ធីតា និងនាង ថុង សុភានិត្យ សម្ដែងជាតួ និស្ស័យ លោក ហួន ឌីណា សម្ដែងជាតួរង លូ ដែលជាមិត្តភក្ដិរបស់និស្ស័យ និងលោក ខេប៊ី សាឌី (KB Saadi) ដែលសម្ដែងជាតួអ្នកដឹកនាំល្ខោន។ តួសម្ដែងសំខាន់ៗក្នុងភាពយន្តនេះ សុទ្ធសឹងតែទទួលបានការបណ្ដុះបណ្ដាលពីសាលាសម្ដែងសម្ដែង «Acting Art Academy» ក្នុងរាជធានីភ្នំពេញ ដែលជាកន្លែងដែលអ្នកដឹកនាំនាង យូជីង បានជួប និងធ្វើការជាមួយពួកគេជាលើកដំបូងក្នុងឆ្នាំ ២០២៤។

សម្រាប់នាង នីន ដេកា ការបង្កើតតួអង្គ ធីតា ត្រូវការការស្វែងយល់យ៉ាងជ្រាលជ្រៅអំពីអារម្មណ៍ និងប្រវត្តិរបស់តួអង្គ។ នាងបានរំឭកថា មុនពេលចាប់ផ្តើមថត ក្រុមតួសម្ដែង និងអ្នកដឹកនាំបានចំណាយពេលជាច្រើនជាមួយគ្នាក្នុងការពិភាក្សាអំពីសាច់រឿង និងដំណើរអារម្មណ៍របស់តួអង្គនីមួយៗ។

នាង ដេកា បាននិយាយយ៉ាងដូច្នេះថា៖ «យើងបានពិភាក្សាគ្នាច្រើនអំពីរឿង និងតួអង្គមុនពេលថត។ យូជីង តែងតែអង្គុយជាមួយយើង ដើម្បីធានាថា យើងយល់ដូចគ្នាអំពីដំណើរអារម្មណ៍ និងអត្ថន័យដែលបង្កប់ក្នុងរឿង។ ពេលចាប់ផ្តើមថត នាងក៏ផ្តល់សេរីភាពឱ្យយើងស្វែងរក និងសាកល្បងបន្ថែមដោយខ្លួនឯងផងដែរ»។

នាង ដេកា ក៏បានបន្ថែមទៀតថា សាច់រឿងអំពី «មនុស្សដែលយើងធ្លាប់ស្រឡាញ់ ប៉ុន្តែមិនអាចនៅជាមួយបាន» គឺជារឿងដែលមនុស្សជាច្រើនអាចមានអារម្មណ៍ប៉ះពាល់។ ទោះជាយ៉ាងណា សម្រាប់សង្គមកម្ពុជា សម្ពាធគ្រួសារ និងទំនួលខុសត្រូវជាពិសេសចំពោះស្ត្រី ក៏ជាប្រធានបទដែលមានអត្ថន័យយ៉ាងខ្លាំងផងដែរ ហើយបញ្ហានេះត្រូវបានឆ្លុះបញ្ជាំងឱ្យឃើញតាមរយៈការសម្រេចចិត្តរបស់តួអង្គ ធីដា។

ចំណែកឯ នាង ថុង សុភានិត្យ វិញ បានលើកឡើងថា ការសម្ដែងជាតួអង្គ និស្ស័យ ត្រូវឆ្លងកាត់ដំណាក់កាល «សាងសង់តួអង្គ» ដ៏សំខាន់ផងដែរ មុនពេលថត ដើម្បីធានាថា «អារម្មណ៍ និងចេតនានៃឈុតឆាកនីមួយៗ» ត្រូវបានបង្កើតឡើងចេញជារូបរាងច្បាស់លាស់។

សុភានិត្យបន្តថា តួសម្ដែង និងអ្នកដឹកនាំ បានធ្វើការជាមួយគ្នាលើការពិនិត្យឈុតឆាក និងពាក្យពេចន៍សន្ទនានីមួយៗ ហើយក៏បានធ្វើការសាកល្បងតាមរយៈ «Improvisation» (ការសម្ដែងឆៅៗ) ដើម្បីស្វែងរកលំហូរធម្មជាតិនៃសកម្មភាព និងអារម្មណ៍ មុនពេលចាប់ផ្តើមថតពិតប្រាកដ។

ទាំង ដេកា និង សុភានិត្យ សុទ្ធតែបានបង្ហាញអារម្មណ៍សប្បាយត្រេកអរនឹងការឈ្នះពានរង្វាន់ពីគណៈមេប្រយោគនៅមហោស្រព Slamdance Film Festival នាទីក្រុងឡូសអាន់ជ័រលេស និងបានរំឭកពីដំណើរការដ៏លំបាកតែពោរពេញដោយការចងចាំក្នុងការថតភាពយន្តជាមួយអ្នកដឹកនាំ យូជីង។ ទោះបីជាអ្នកដឹកនាំរូបនេះ បានលាចាកលោកទៅហើយក្ដី ពួកគេបានប្ដេជ្ញាក្នុងការពាំនាំស្នាដៃប្រកបដោយភាពលេចធ្លោមួយនេះ ដើម្បីឱ្យមនុស្សជាច្រើនផ្សេងទៀតបានឃើញ។

សុភានិត្យ បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានមោទនភាពដែលឃើញថា មនុស្សជាច្រើនស្រឡាញ់ និងយល់អំពីចក្ខុវិស័យរបស់នាង(យូជីង)ជាអ្នកដឹកនាំ»។

ឧបសគ្គក្នុងការផលិត Whisperings of the Moon៖ គ្នាតិច ធនធានតិច ប៉ុន្តែប្ដេជ្ញាទៅមុខ

តាមការពន្យល់របស់ផលិតករ នាង យ៉ាង លិលី (Lily Yang) គម្រោងភាពយន្ត Whisperings of the Moon បានចាប់ផ្តើមពីភាពយន្តខ្លីមួយដែល យូជីង បានថតនៅភ្នំពេញក្រោមចំណងជើងថា «Love Is a Book» ក្នុងសិក្ខាសាលាមួយនាពាក់កណ្ដាលឆ្នាំ ២០២៤។ ក្នុងអំឡុងពេលនោះ យូជីង បានបង្កើតទំនាក់ទំនងច្នៃប្រឌិតយ៉ាងជិតស្និទ្ធជាមួយតួសម្ដែងពីសាលាសិល្បៈសម្ដែង Acting Art Academy ហើយភាពយន្តខ្លីនោះទទួលបានការឆ្លើយតបវិជ្ជមានពីទស្សនិកជន។

ក្រោយពីត្រឡប់ទៅប្រទេសចិនវិញ នាង យូជីង បានគិតគូរអំពីការពង្រីករឿងនេះទៅជាភាពយន្តខ្នាតធំ។ ក្នុងរយៈពេលតិចជាង២ខែ ក្រុមការងារដ៏តូចមួយបានវិលត្រឡប់មកភ្នំពេញវិញ ដើម្បីចាប់ផ្តើមរៀបចំការផលិតភាពយន្ត។ លិលី បានបញ្ជាក់ថា បញ្ហាធំបំផុតក្នុងការផលិតគឺថវិកាមានកំណត់ ដែលធ្វើឱ្យក្រុមការងារត្រូវមានគ្នាតិច និងខ្វះខាតឧបករណ៍សម្ភារៈជាច្រើន។ ទោះជាយ៉ាងណា នាងបាននិយាយថា ការលំបាកនេះក៏បានជួយឱ្យក្រុមការងារផ្តោតលើអ្វីដែលសំខាន់បំផុតសម្រាប់ភាពយន្ត គឺការសម្ដែង និងអារម្មណ៍ក្នុងរឿង ហើយជាលទ្ធផល Whisperings of the Moon ត្រូវបានជ្រើសរើសឱ្យចាក់បញ្ចាំងក្នុងមហោស្រពអន្តរជាតិធំៗជាបន្តបន្ទាប់។

លិលី ក៏បានរំឭកផងដែរពីពេលមួយ ដែលអ្នកដឹកនាំនាង យូជីង បានសម្រេចចិត្តត្រឡប់មកភ្នំពេញវិញ ដើម្បីថតភាពយន្តនេះ។ កាលនោះ យូជីង ដែលកំពុងស្នាក់នៅទីក្រុងប៉េកាំង មានអារម្មណ៍ថាខ្លួនឯងជាប់គាំងក្នុងការបង្កើតស្នាដៃ ហើយចង់ត្រឡប់ទៅភ្នំពេញដើម្បីបង្កើតភាពយន្តខ្នាតធំ ដោយមើលឃើញពីភាពទាក់ទាញនៃបរិយាកាសរបស់ទីក្រុងកម្ពុជាមួយនេះ។ លិលី បានឆ្លើយតបវិញយ៉ាងសាមញ្ញថា «បើបែបហ្នឹង យើងត្រឡប់ទៅ(ភ្នំពេញវិញ)ធ្វើវាទៅ»។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍បន្ទាប់ នាង យូជីង បានសរសេរស្គ្រីបរឿង Whisperings of the Moon យ៉ាងលឿន និងពោរពេញគំនិតច្នៃប្រឌិត ស្របតាមបរិបទដែលនាងបានស្គាល់អំពីប្រជាជន និងមជ្ឈដ្ឋាននៅទីក្រុងភ្នំពេញ។

គួរគូសបញ្ជាក់ថា បន្ទាប់ពីការចាក់បញ្ចាំងអាស៊ី និងអាមេរិក Whisperings of the Moon នឹងបន្តដំណើរទៅកាន់ BFI Flare: London LGBTQIA+ Film Festival នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលនឹងក្លាយជាការចាក់បញ្ចាំងជាលើកដំបូងនៅទ្វីបអឺរ៉ុប។ សម្រាប់ក្រុមការងារ ដំណើររបស់ Whisperings of the Moon មិនត្រឹមតែជាជោគជ័យលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការគោរព និងចងចាំដល់អ្នកដឹកនាំ ឡៃ យូជីង ដែលបានបង្កើតស្នាដៃមួយនេះប្រកបដោយចក្ខុវិស័យសិល្បៈ និងសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅ៕ 


Khcct banner

អត្ថបទទាក់ទង