ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី៩ ខែមីនា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងបានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) ជាមួយលោក Jonathan Ledger អ្នកជំនាញអន្តរជាតិក្នុងវិស័យ TVET និងគោលនយោបាយកម្លាំងពលកម្ម តំណាងឱ្យភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស (UK Skills Partnership-UKSP)នៅទីស្តីការក្រសួង។
លោក ហេង សួរ បានសម្តែងនូវការស្វាគមន៍ចំពោះលោក ដូមីនិក វីល្លៀម និងលោក Jonathan Ledger ដែលបានផ្តល់ការគាំទ្រយូរអង្វែងដល់កម្ពុជា ក្នុងវិស័យអភិបាលកិច្ចការងារ អភិវឌ្ឍធនធានមនុស្ស តាមរយៈអាហារូបករណ៍ ការការពារពលករចំណាកស្រុក ការគាំទ្រផ្នែកគោលនយោបាយ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការគាំទ្រនៅក្នុងវិស័យអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ចក្រភពអង់គ្លេស ក្នុងការគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច (LDC)។
ទន្ទឹមនឹងនោះ លោក ដូមីនិក វីល្លៀម បានសម្តែងនូវសេចក្ដីរីករាយចំពោះការចុះ MoU នេះ ដោយលោកបានលើកឡើងថា ការអប់រំមានសារៈសំខាន់ណាស់សម្រាប់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ នៅពេលដែលការចាកចេញពី LDC នៅពេលខាងមុខ វាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់កម្រិតជំនាញ ជាពិសេសដើម្បីបង្កើនផលិតភាពរបស់កម្លាំងពលកម្ម ថែមទាំងដើម្បីមានជំនាញដែលអាចជួយអភិវឌ្ឍវិស័យសេដ្ឋកិច្ចថ្មីៗ និងមានសក្ដានុពល នឹងជួយឱ្យកម្ពុជាបន្តរីកចម្រើនទៅមុខក្នុងអនាគត។ ភាគីទាំងពីរបានប្ដេជ្ញាចិត្តរួមគ្នា ក្នុងការបន្តការកសាងភាពជាដៃគូយូរអង្វែង ជាពិសេសកម្មវិធីបណ្តុះបណ្តាលនេះ។
ជាមួយគ្នានេះ ឯកឧត្ដម ហេង សួរ បានថ្លែងអំណរគុណដ៏ក្រៃលែងចំពោះឯកឧត្ដម ឯកអគ្គរាជទូត ដែលបានជួយភ្ជាប់ UKSP មកកាន់កម្ពុជា ក៏ដូចជាការនាំយកកម្មវិធីអប់រំ ប្រកបដោយគុណភាពលំដាប់ពិភពលោក មកកាន់ប្រទេសកម្ពុជា។ តាមរយៈ MoU នេះ កម្ពុជានឹងអាចស្វាគមន៍អ្នកជំនាញ កម្មវិធីអភិវឌ្ឍជំនាញ ក៏ដូចជាការភ្ជាប់ជាមួយអ្នកជំនាញ និងស្ថាប័នលំដាប់ពិភពលោកបន្ថែមពីចក្រភពអង់គ្លេសមកកម្ពុជា៕