ភ្នំពេញ៖ អ្នកឧកញ៉ា គួន ធីតា អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមជាមួយ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួម «វេទិកា និងជំនួបផ្គូផ្គងធុរកិច្ចឥណ្ឌា-កម្ពុជាក្នុងវិស័យឱសថ» ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ សមាគម វិស័យឯកជន និងភាគីពាក់ព័ន្ធជាច្រើនរូបមកពីប្រទេសទាំងពីរ។
វេទិកានិងជំនួបផ្គូផ្គងធុរកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ក្នុងវិស័យឱសថដោយអ្នកចូលរួមក្នុងវេទិកានេះសុទ្ធសឹងជាជាធុរជន វិនិយោគិន និងភាគីពាក់ព័ន្ធអញ្ជើញមកពីវិស័យសុខាភិបាល វេជ្ជសាស្ត្រ និងឱសថ ដើម្បីកសាងបណ្ដាញទំនាក់ទំនងធុរកិច្ច និងស្វែងរកឱកាសក្នុងការចាប់ដៃគូគ្នាទៅវិញទៅមក។
ព្រឹត្តិការណ៍ធុរកិច្ចនេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាជំរុញការនាំចេញឱសថឥណ្ឌា (Pharmaceutical Export Promotion Council of India - Pharmexcil) ដោយមានការគាំទ្រពីស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះក្រុមប្រឹក្សា Pharmexcil បានដឹកនាំគណៈប្រតិភូឥណ្ឌាចំនួន ៩៩រូប មកពី ៦៨ក្រុមហ៊ុន ដើម្បីស្វែងរកដៃគូធុរកិច្ច និងវិនិយោគិននៅកម្ពុជាដោយផ្ដោតជាចម្បងលើវិស័យឱសថ។
ក្នុងឱកាសនេះដែរ គណៈប្រតិភូនីមួយៗនៃស្ថាប័នទាំងពីរបានធ្វើបទបង្ហាញអំពីសមាសភាព និងអាជីវកម្មរបស់ខ្លួនទៅវិញទៅមកដើម្បីផ្ដល់ជាព័ត៌មានមូលដ្ឋានសម្រាប់ការផ្គូផ្គងពាណិជ្ជកម្ម និងកិច្ចសហការធុរកិច្ចនាពេលអនាគត។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាជំរុញការនាំចេញឱសថឥណ្ឌា (Pharmaceutical Export Promotion Council of India - Pharmexcil) ត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ២០០៤ ដោយស្ថិតក្រោមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា ដែលដើរតួនាទីជាទីភ្នាក់ងាររបស់រដ្ឋាភិបាលឥណ្ឌាក្នុងការលើកកម្ពស់ការនាំចេញឱសថឥណ្ឌាតាមរយៈការរៀបចំសកម្មភាពជំរុញពាណិជ្ជកម្មក្រៅប្រទេសដូចជា សិក្ខាសាលា ជំនួបផ្គូផ្គងធុរកិច្ច និងបេសកកម្មធុរកិច្ចក្រៅប្រទេសជាដើម៕