ក្រចេះ៖ ក្រុមការងារជំនាញ នៅថ្ងៃទី៥ ខែមីនា បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលទៀតហើយ ដែលមានអាយុប្រមាណជា២ថ្ងៃ ស្ថិតក្នុងអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះជាកូនទី២ ដែលទើបកើតនៅដើមឆ្នាំ២០២៦នេះ។
កូនផ្សោតទើបកើតថ្មីនេះ ត្រូវបានក្រុមការងារស្រាវជ្រាវខណ្ឌរដ្ឋបាលជលផលក្រចេះ និង ក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ ប្រទះឃើញត្រង់ចំណុចអន្លង់ អន្ទង់វៀន ស្ថិតក្នុងអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
បើតាមក្រុមអ្នកស្រាវជ្រាវ កូនផ្សោតនេះមានសុខភាពល្អ និងស្ថិតក្នុងក្រុមផ្សោតធំដែលមានចំនួនប្រាំពីរក្បាល ក្នុងនោះនៅជាមួយផ្សោតពេញវ័យលេខ៨១។ នេះជាកូនផ្សោតកើតថ្មីទី២ហើយ នៅក្នុងឆ្នាំ២០២៦នេះ ខណៈកូនផ្សោតទី១ ត្រូវបានអង្កេត និងថតរូបបានកាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។ តាមរយៈកំណើតកូនផ្សោតថ្មីនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់១១៤ក្បាល៕