ភ្នំពេញ៖ បេក្ខជនឆ្នើមចំនួន ១០០នាក់ ទទួលបានឱកាសបន្តការប្រកួតទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃទី៨ មីនា ក្នុ្ងងកម្មវិធីប្រកួតប្រជែង "សំឡេងខ្ញុំ សម្រាប់កម្ពុជា" ធ្វើបទបង្ហាញជាសាធារណៈលើកតម្កើង«ផលិតផលក្នុងស្រុក»។ បេក្ខជនទាំង១០០នាក់ បានចូលរួមវគ្គជំនួបតម្រង់ទិស និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាពេលឆាប់ៗនេះ។
យុវជនចំនួន១០០នាក់ ត្រូវបានជ្រើសរើស និងបានចូលរួមជំនួបតម្រង់ទិស (Orientation Day) នាថ្ងៃទី១ មីនា បានយល់កាន់តែច្បាស់ពីអ្វីដែលត្រូវជួបប្រទះនៅលើឆាកវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ។ បេក្ខជនបានយល់ដឹងពីប្រធានបទ "ផលិតផលខ្មែរមួយ សំឡេងមួយ"៖ របៀបដែលត្រូវរៀបរាប់ពីផលិតផល មិនមែនគ្រាន់តែជាការអាននោះទេ ប៉ុន្តែគឺជាការធ្វើបទបង្ហាញឱ្យមានភាពទាក់ទាញ។ ការប្រើប្រាស់ភាសាកាយវិការ៖ តិកនិកនៃការឈរ ការប្រើក្រសែភ្នែក និងការគ្រប់គ្រងឆាកដោយទំនុកចិត្ត។
លក្ខខណ្ឌវិនិច្ឆ័យរបស់គណៈកម្មការ៖ ចាប់ពីភាពស្ទាត់ជំនាញនៃភាសាអង់គ្លេស រហូតដល់ភាពច្នៃប្រឌិតក្នុងការប្រើប្រាស់សម្ភារឧបទេស។ បន្ទាប់ពីបញ្ចប់ការតម្រង់ទិស បេក្ខជនទាំង ១០០ រូប កំពុងស្ថិតក្នុងដំណាក់កាលហាត់សម និងត្រៀមខ្លួនយ៉ាងសកម្មសម្រាប់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ។
គួរបញ្ជាក់ថា ការប្រកួតប្រជែង "សំឡេងខ្ញុំសម្រាប់កម្ពុជា" ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុកទៅកាន់ទស្សនិកជនជាតិ និងអន្តរជាតិ លើកទឹកចិត្តដល់សិក្សានុសិស្សធ្វើការស្រាវជ្រាវ និងយល់ដឹងអំពីនវានុវត្តន៍ និងវប្បធម៌ ព្រមទាំងលើកទឹកចិត្តដល់អាណាព្យាបាល អ្នកអប់រំ និងអ្នកឧបត្ថម្ភដើម្បីចូលរួមគាំទ្រលើកកម្ពស់ដល់ការអភិវឌ្ឃន៍យុវជនជំនាន់ក្រោយ និងលើកតម្កើនតម្លៃជាតិ៕