681 ezgif.com resize
Swift cc time

អាជ្ញាធរចុះ«ហ៊ុមព័ទ្ធរបង»សំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ដើម្បីបង្ការគ្រោះថ្នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងរៀបចំដែនដី

ភ្នំពេញ៖ ដើម្បីបង្ការនិងបញ្ចៀសគ្រោះថ្នាក់ ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋ ក្រសួងរៀបចំដែនដី ធ្វើការរៀបចំហ៊ុមព័ទ្ធរបង ហាមចូលទីតាំងសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ។

ក្រសួងរៀបចំដែនដី បានឲ្យដឹងថា ការហ៊ុមព័ទ្ធនេះ ជាសារជូនដំណឹងដល់សាធារណជន ដើម្បីបង្ការនិងបញ្ចៀសគ្រោះថ្នាក់ ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋ។ កន្លងមក ក្រសួង ដ. ន. ស. បានរៀបចំក្រុមការងារសហការជាមួយ រដ្ឋបាលសង្កាត់ផ្សារថ្មីទី៣ ចុះពិនិត្យ វាស់វែង និងកំណត់អត្តសញ្ញាណកម្មបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលក្នុងអគារសាលាបឋមសិក្សាបដិវត្តន៍ រួចហើយ។

ក្នុងន័យនេះ ដើម្បីឱ្យការហ៊ុមព័ទ្ធរបង ហាមចូលទីតាំងសំណង់អគារនេះ អាចដំណើរការទៅបានរលូន តាមផែនការដែលបានគ្រោងទុក ក្រសួង ដ. ន. ស. បានរៀបចំក្រុមការងារសហការជាមួយរដ្ឋបាលសង្កាត់ ផ្សារថ្មីទី៣ ដើម្បីចុះពិនិត្យដោះស្រាយផលប៉ះពាល់នានា ជាមួយបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ មុននឹងធ្វើការ ហ៊ុមព័ទ្ធទីតាំងអគារអតីតសាលាបឋមសិក្សាបដិវត្តន៍។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋដែលកំពុងរស់នៅ ប្រើប្រាស់ និងអាស្រ័យផល ក្នុងសំណង់អគារខាងលើ និងសាធារណជន មេត្តាជ្រាបនិងចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់៕


Khcct banner

អត្ថបទទាក់ទង