ភ្នំពេញ៖ ជម្លោះផ្នែកយោធារវាង អាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានរំខានដល់ដំណើរការតភ្ជាប់ជើងហោះហើរទូទាំងពិភពលោក បូកទាំងប្រទេសកម្ពុជាផងដែរ។ តែយ៉ាងណាក្តី ប្រទេសកម្ពុជានៅតែមានសុវត្ថិភាព មានដំណើរការជាប្រក្រតី និង មិនរងផលប៉ះពាល់ពីទស្សនៈសន្តិសុខ ឬការគ្រប់គ្រងដែនអាកាសឡើយ។ នេះបើយោងតាមការអះអាងរបស់អាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) នៅថ្ងៃទី២ ខែមីនានេះ។
យោងតាមការវាយតម្លៃពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៏ស៊ីវិល(SSCA) ទោះបីជាកម្ពុជា មានភូមិសាស្ត្រស្ថិតនៅឆ្ងាយពីតំបន់ជម្លោះក៏ដោយ តែតំបន់មជ្ឈិមបូព៌ានៅតែមានតួនាទីសំខាន់ជាស្ពានដឹកជញ្ជូនអន្តរជាតិ ដែលតភ្ជាប់អឺរ៉ុប អាហ្វ្រិក និង អាម៉េរិកខាងជើង មកកាន់តំបន់អាស៊ីអាគ្នេយ៍។
បច្ចុប្បន្ន ការតភ្ជាប់ដោយផ្ទាល់ ឬ ដោយប្រយោលទៅកាន់កម្ពុជា តាមរយៈមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់(Hubs) ឈូងសមុទ្រ មានដូចជា៖ Qatar Airways មជ្ឈមណ្ឌលទីក្រុងដូហា, Emirates Airlines មជ្ឈមណ្ឌលទីក្រុងឌូបៃ, Etihad Airways នៅមជ្ឈមណ្ឌលទីក្រុងអាប៊ូដាប៊ី។ ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ ជាបណ្តាញតភ្ជាប់សំខាន់របស់កម្ពុជាទៅកាន់អឺរ៉ុប អាម៉េរិកខាងជើង អាហ្វ្រិក ទេសចរណ៍ចូលមកពីតំបន់មជ្ឈិមបូព៌ា។
បច្ចុប្បន្ន កម្ពុជាមានប្រតិបត្តិការហោះហើរភ្ជាប់ជាមួយតំបន់មជ្ឈិមបូព៌ាចំនួន ៥២ ជើង/សប្ដាហ៍ (ទ្វេទិស) ក្នុងនោះ ៤៦ ជើង/សប្តាហ៍ (ទ្វេទិស) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (រាប់បញ្ជួលជើងហោះហើរដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ៨ ជើង/សប្តាហ៍ (ទ្វេទិស) និង ៦ ជើង/សប្តាហ៍ (ទ្វេទិស) នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
មជ្ឈមណ្ឌលអាកាសចរណ៍(Hubs)ទាំងនេះ បម្រើជាច្រកផ្លាស់ប្តូរជើងហោះហើរ សម្រាប់ចរាចរណ៍អ្នកដំណើរចូល និង ចេញពីកម្ពុជា។ តាមការប៉ាន់ស្មាន ផលប៉ះពាល់ជាអវិជ្ជមានបឋម អាចមានអ្នកដំណើរ៖ ប្រហែល ១២,៩៦០ នាក់ ក្នុងមួយសប្ដាហ៍ និងប្រហែល ៥១,៨៤០ នាក់ ក្នុងមួយខែ។
គួរបញ្ជាក់ថា ជម្លោះផ្នែកយោធារវាង អាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានប៉ះពាល់ដល់ការហោះហើរនៅតំបន់មជ្ឈិមបូព៌ា តាមរយៈការការបិទដែនអាកាសជាបណ្តោះអាសន្ន, រំខានប្រតិបត្តិការនៅអាកាសយានដ្ឋានមជ្ឈមណ្ឌលសំខាន់ៗក្នុងតំបន់ឈូងសមុទ្រ (Gulf), ការប្តូរផ្លូវហោះហើរនៅលើច្រកអាកាសចរណ៍រវាងអឺរ៉ុប–អាស៊ី និង ការកើនឡើងនៃចំណាយប្រេងឥន្ធនៈ និង ថ្លៃធានារ៉ាប់រងហានិភ័យសង្គ្រាម។
ចំពោះកម្ពុជានៅតែមានសុវត្ថិភាព, មានដំណើរការជាប្រក្រតី, និង មិនរងផលប៉ះពាល់ពីទស្សនៈសន្តិសុខ ឬការគ្រប់គ្រងដែនអាកាសឡើយ។ អាកាសយានដ្ឋាន និង ដែនអាកាសជាតិរបស់កម្ពុជានៅតែបន្តដំណើរការតាមស្ថានភាពធម្មតា។ នេះបើយោងតាមការអះអាងរបស់អាកាសចរណ៍ស៊ីវិលកម្ពុជា។ កម្ពុជានៅតែមានទំនុកចិត្តថា ការតភ្ជាប់អាកាសចរណ៍នឹងត្រឡប់មកស្ថានភាពធម្មតាវិញ នៅពេលស្ថានភាពក្នុងតំបន់មានស្ថិរភាពល្អ៕