681 ezgif.com resize
Swift cc time

សមត្ថកិច្ចរាជធានីភ្នំពេញបង្ក្រាបទីតាំង Online Scam ក្នុងអាគារសភាពាណិជ្ជកម្ម ឆុងឈីង រឹបអូសវត្ថុតាងបម្រើសកម្មភាពប្រព្រឹត្តបទល្មើស និង គ្រឿងញៀនមួយចំនួនធំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១ មីនាម្សិលមិញ បានចុះត្រួតពិនិត្យរដ្ឋបាលអាគារសភាពាណិជ្ជកម្ម ឆុងឈីង ក្នុងភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ និង ឈានដល់ការបង្ក្រាប រឹបអូសវត្ថុតាងបម្រើឲ្យការប្រព្រឹត្តបទល្មើស Online Scam ព្រមទាំងគ្រឿងញៀនណមួយចំនួនធំ។

ប្រតិបត្តិការនេះដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការិយាល័យជំនាញ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជាលទ្ធផលនៃប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចជំនាញបានរកឃើញមានសារធាតុញៀនមួយចំនួន និង មានកុំព្យូទ័រមួយចំនួនសង្ស័យ រួមមាន៖ កុំព្យូទ័រ ALL IN ONE ចំនួន៤៤គ្រឿង,Monitor ចំនួន៣៤គ្រឿង, CPU ចំនួន២៧គ្រឿង,Laptop ចំនួន៣គ្រឿង។

យោងតាមរបាយការណ៍ពីស្នងការនគរបាលរាជធានីភ្នំពេញ សម្ភារទាំងនោះប្រើប្រាស់ ដើម្បីប្រព្រឹត្តល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់។ក្រៅពីនេះ សមត្ថកិច្ចក៏បានរកឃើញនូវសារធាតុញៀនមួយចំនួនធំ សរុបប្រមាណ ២២ គីឡូក្រាម ទៀតផងដែរ រួមមាន៖ ជាន់ទី២ និងជាន់ទី៤៖ ម្សៅម៉ដ្ឋពណ៌ទឹកក្រូច ដាក់កញ្ចប់ពណ៌ទឹកសមុទ្រ អក្សរ Porsche ចំនួន៨៩០កញ្ចប់, ម្សៅម៉ដ្ឋពណ៌ទឹកក្រូច ដាក់កញ្ចប់ពណ៌លឿង អក្សរ Porsche ចំនួន៣៨០កញ្ចប់,ម្សៅស្អិតពណ៌ទឹកក្រូច ដាក់កញ្ចប់ពណ៌ខៀវ អក្សរ ចិន ចំនួន២៣០កញ្ចប់,ម្សៅម៉ដ្ឋពណ៌កាហ្វេ ដាក់កញ្ចប់កាហ្វេពណ៌ខ្មៅ ចំនួន៨៩កញ្ចប់,ម្សៅស្អិតពណ៌ទឹកក្រូច ដាក់កញ្ចប់ពណ៌ចម្រុះអក្សរចិន ចំនួន២៦៦កញ្ចប់។

ចំណែកសារធាតុរាវពណ៌ត្នោតដាក់ក្នុងដបពណ៌ក្រហមរូបសេះ Ferrari ចំនួន២៦០កញ្ចប់ ម្សៅម៉ដ្ឋពណ៌ផ្កាឈូក ដាក់ក្នុងប្រអប់អក្សរ Doublemint ចំនួន១០២៥ប្រអប់ បារីអេឡិចត្រូនិច អក្សរ BINGE ចំនួន៧០ប្រអប់ ស្មើ៤២០ដើម ម្សៅម៉ដ្ឋពណ៌ស ចំនួន១កញ្ចប់ធំ  ម្សៅស្អិតពណ៌ទឹកដោះគោ ដាក់ក្នុងកូនដបពណ៌ស ចំនួន១០០ដប អាវុធខ្លីមួយដើមគ្មានលេខ បង់១ និងគ្រាប់ចំនួន៥គ្រាប់ ម្សៅម៉ដ្ឋពណ៌ស ចំនួន១៩កញ្ចប់ និង ម្សៅម៉ដ្ឋពណ៌ស ដាក់ក្នុងកំប៉ុងពណ៌ផ្កាឈូក ចំនួន៥កំប៉ុង។

បច្ចុប្បន្នសម្ភារដែល ពាក់ព័ន្ធត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសារធាតុញៀនត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន៕


Khcct banner

អត្ថបទទាក់ទង