681 ezgif.com resize
Swift cc time

ជនសង្ស័យជាបរទេសជាង ៨០នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណី Online Scam នៅខណ្ឌច្បារអំពៅ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឃាត់ខ្លួនជនសង្ស័យជាបរទេសចំនួន៨១នាក់ដែលជាប់ពាក់ព័ន្ធ online scam ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងសង្ស័យមួយកន្លែង ស្ថិតក្នុងចំណុចផ្ទះលេខ៧៩ ផ្លូវ L-03 ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមសមត្ថកិច្ច ជនសង្ស័យខាងលើបានលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពលួងលោមស្នេហា (Romance Scams)។

ជនបរទេសទាំង៨១នាក់នេះ មានជនជាតិចិនចំនួន៧២នាក់ (ស្ត្រី៣នាក់ ) និងជនជាតិមីយ៉ាន់ម៉ា ចំនួន៩នាក់(ស្រី្ត១នាក់)។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង រួមមានកុំព្យូទ័រ All in one ចំនួន ៥១គ្រឿង ម៉ូនីទ័រ ចំនួន ១០ គ្រឿង CPU ចំនួន ១១ គ្រឿង Laptop ចំនួន ០២ គ្រឿង ទូរសព្ទបម្រើបទល្មើស ចំនួន ៤៨០ គ្រឿង សក់សិប្បនិម្មិត១២សក់ ⁠ទូដែក១។

ចំពោះករណីនេះ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯទីតាំងខាងលើត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពឡើយ។

គួរបញ្ជាក់ថា ទីតាំងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនៅក្នុងរាជធានី-ខេត្ត សរុបចំនួនជាង ២០០កន្លែង រួមទាំងកាស៊ីណូផង ត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពទៀតឡើយ ដោយសមត្ថកិច្ចកំពុងបន្តគ្រប់គ្រងដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យ និងអនុវត្តនីតិវិធីច្បាប់។ ដោយឡែក សមត្ថកិច្ចក្នុងខេត្តព្រះស៊ីហនុ គិតចាប់ពីពាក់កណ្តាលខែមករា រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានចុះត្រួតពិនិត្យកាស៊ីណូសង្ស័យជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ សរុបចំនួន ៨៩ ទីតាំង មាន៣១៣ អគារ។ ជាលទ្ធផល សមត្ថកិច្ចបានបង្រ្កាប និងសម្រេចបិទខ្ទប់ទីតាំងចំនួន ៥៧ កន្លែង ស្មើនឹង២២៤អគារ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៨១នាក់ (ស្តី្រ ៩នាក់) ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី, ចិន, នេប៉ាល់, វៀតណាម, មីយ៉ាន់ម៉ា ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕

Khcct banner

អត្ថបទទាក់ទង