681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន ទទូចឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលការពិន័យកីឡាករ ម៉ឺន មេឃា និង អេ អាំម៉ារីន ខណៈពួកគាត់ត្រៀមប្រកួតនៅក្រៅប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានទទូចឱ្យសហព័ន្ធគុនខ្មែរលុបការពិន័យលើកីឡាករប្រដាល់ ម៉ឺន មេឃា និង អេ អាំម៉ារីន ភូថង ដោយសារការចេញទៅប្រកួតនៅក្រៅស្រុករបស់កីឡាករទាំងពីរ ពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះកិត្តិយសជាតិ។

យោងតាមការបង្ហោះលើបណ្ដេញសង្គមផ្លូវការសម្ដេច ហ៊ុន សែន មានប្រសាសន៍ថា ក្រោយការផ្ទុះការវែកញែកលើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរហាមឃាត់កីឡាករ២រូបមិនឲ្យប្រកួតរយៈពេល៦ខែ ក្នុងពេលកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេស។ សម្ដេចសូមសំណូមពរដ៏ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលសេចក្តីជូនដំណឹងនេះសិន ព្រោះវាទាក់ទងជាមួយកិត្តិយសជាតិផង និងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផង។ 

ការដោះស្រាយផ្សេងទៀត រង់ចាំឲ្យ កីឡាករទាំងពីររូប និងគណប្រតិភូត្រលប់ចូលប្រទេសវិញ ចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាព និងការយោគយល់គ្នា។

គួរបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាស ផ្អាក់ចាប់គូរប្រកួតទាំងក្នុង និងក្រៅប្រទេស រយៈពេល៦ខែ គឺកីឡាករ ម៉ឺន មេឃា និង អេ អាំម៉ារីន ភូថង ក្រោមមូលហេតុជាយោធិនសេរី មិនគោរពអនុវត្តតាមបទបញ្ជា របស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ គិតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ខណៈពួកគាត់ត្រៀមប្រកួតនៅក្រៅប្រទេស៕

Khcct banner

អត្ថបទទាក់ទង