ភ្នំពេញ៖ ប្រព័ន្ធ ប.ស.ស. បាននិងកំពុងពង្រីកខ្លួនពីសមាជិកតិចជាង៥០ម៉ឺននាក់ រហូតដល់សមាជិកសរុបជាង ៣,៥លាននាក់ (ស្រី ជិត ២លាននាក់) គិតត្រឹមឆ្នាំ២០២៥ ប.ស.ស. មានក្រសួង ស្ថាប័ន សហគ្រាស និងគ្រឹះស្ថាន ជិត ៣ម៉ឺនបានចុះបញ្ជី។ សមាជិក ប.ស.ស បានប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាល សរុបជាង ៨លានដង។នេះបើយោងតាមលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ ថ្លែងក្នុងពិធីបើក "សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)"។
យោងតាមក្រសួងការងារកម្ពុជា បានគូសបញ្ជាក់ថា សេវា ប.ស.ស. កំពុងវិវត្តខ្លួនយ៉ាងលឿន ដែលផ្តល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍លើសពីការរំពឹងទុកដល់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន (១) ភាពងាយស្រួលក្នុងការទទួលបានសេវា ដោយមានបណ្តាញមូលដ្ឋានសុខាភិបាលដៃគូ សរុបចំនួន ១ ៦១៧ ក្នុងនោះ វិស័យសាធារណៈមានចំនួន ១ ៤៤២ និងវិស័យឯកជនមានចំនួន ១៧៥, (២) ការកាត់បន្ថយបន្ទុកហិរញ្ញវត្ថុភ្លាមៗ, (៣) ភាពទំនើបនៃប្រព័ន្ធរដ្ឋបាល ប.ស.ស. បានអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយបង្កើតមុខងារបង់ភាគទានជាជម្រើសច្រើន សម្រាប់សម្រួលដល់សហគ្រាស ក្នុងការបំពេញកាតព្វកិច្ចបង់ភាគទាន តាមរយៈប្រព័ន្ធអនឡាញ (កម្មវិធីគេហទំព័រ NSSF Enterprise Web App, កម្មវិធីទូរសព្ទដៃ NSSF Enterprise Mobile App) ឬ ការបង់ដោយផ្ទាល់នៅធនាគារដៃគូ។ ប័ណ្ណសមាជិក ប.ស.ស. តែមួយ អាចប្រើបានទាំងផ្នែកថែទាំសុខភាព ហានិភ័យការងារ និងសោធន, (៤)ការយកចិត្តទុកដាក់លើមាតា និងទារក និង (៥) សន្តិសុខស្មារតីនៅវ័យជរា។
រដ្ឋមន្រ្តីក្រសួងការងារ វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងារដែលខិតខំសម្រេចបានក្នុងឆ្នាំ២០២៥ និង បានផ្តល់ការណែនាំឱ្យ អង្គសន្និបាតទាំងមូល ឱ្យចូលរួមពិភាក្សាឱ្យបានផុលផុស និងផ្តល់ជាធាតុចូលសំខាន់ៗ ដើម្បីបូកសរុប និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល ១ឆ្នាំកន្លងមក ក៏ដូចជាកំណត់បញ្ហាប្រឈមចម្បងៗ និងរកដំណោះស្រាយ សំដៅពង្រីកវិសាលភាពគ្របដណ្តប់ឱ្យកាន់តែទូលំទូលាយ និងពង្រឹងសមត្ថភាពមន្រ្តី ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងនិងផ្តល់សេវាកាន់តែល្អប្រសើរជូនសមាជិក ប.ស.ស ព្រមទាំងធានាបាននូវនិរន្តរភាព និងភាពរីកចម្រើន៕