681 ezgif.com resize
Swift cc time

ក្រសួងវប្បធម៌ ប្រាប់ឱ្យអ្នកសិល្បៈ និងអ្នករៀបចំកម្មវិធីរក្សា«ទម្លាប់ដើម»នៃមង្គលការ ដោយកុំកែច្នៃលើសទំនៀមដើម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ នាថ្ងៃទី២៣ កុម្ភៈ បានចេញអំពាវនាវឱ្យអ្នកសិល្បៈ និង អ្នករៀបចំពិធី សូមព្យាយាមរក្សានូវការគោរព អនុវត្តតាមពិធីដើមនៃមង្គលការ ដោយចៀសវាងនូវការកែច្នៃ ដែលប្រាសចាកពីទំនៀមទម្លាប់ដើម ជាពិសេសការប្រើប្រាស់ពាក្យសម្តី កាយវិការ និងសម្លៀកបំពាក់ ដែលអាចប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ និងសាសនា។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីមានបញ្ហាពាក់ព័ន្ធនឹងដំណើរការរៀបចំពិធីអាពាហ៍ពិពាហ៍ខ្មែរដែលកំពុងល្បីក្នុងបណ្តាញសង្គម ពិសេសសកម្មភាពក្នុងពិធីបុកល័ក្ត ដោយមានការប្រើ ពាក្យពេចន៍ កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ ប៉ះពាល់ដល់តម្លៃអាពាហ៍ពិពាហ៍ផង និងដល់ទំនៀមទម្លាប់ សាសនាឥស្លាមផង។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានពន្យល់ថាពិធីបុកល័ក្ត ជាផ្នែកមួយដ៏សំខាន់នៃពិធីអាពាហ៍ពិពាហ៍ខ្មែរ ឬត្រូវបានស្គាល់ថាជាពិធីធ្វើធ្មេញ ឬធ្វើធ្មេញ បំពេញល័ក្ត ឬបុកល័ក្ត ឬតំបន់ខ្លះហៅថា «ធ្វើធ្មេញលេញល័ក្ខ ឬកោសធ្មេញ-ក៏មាន។ ពិធីនេះជាទំនៀមទម្លាប់ តាមតំបន់ ឬប្រារព្ធតាមលទ្ធភាពសាមីពិធី ក្នុងន័យជានិមិត្តរូបបំពេញកិច្ចឱ្យកូនប្រុស កូនស្រី ត្រូវទទួលនូវពាក្យផ្អែម ល្វីង ជូរ ចត់ ហឹរ ប្រៃ ក្នុងជីវិតប្តីប្រពន្ធ ឧបមាដូចទៅនឹងរសជាតិវត្ថុជាថ្នាំផ្សេងៗផ្សំមកប្រើធ្វើធ្មេញក្នុងពិធីបុកល័ក្ត។

ក្រសួងបានបន្តថា តាមទំនៀមទម្លាប់ ក្នុងពិធីបុកល័ក្តតែងមានការចូលរួមពីបងប្អូនញាតិមិត្ត ដោយមិនប្រកាន់ពណ៌សម្បុរ ឬ សាសនានោះឡើយ។ នៅតំបន់ខ្លះ តែងធ្វើពិធីនេះដោយមានការសម្តែងវែងឆ្ងាយពីដំណើរទៅរកល័ក្ត និងគ្រឿងថ្នាំ ដោយឆ្លងទឹក ឆ្លងអូរ កាត់ព្រៃភ្នំ ហើយជួបប្រទះដោយសត្វតូចធំនានាជាឧបសគ្គ។ រីឯការសម្តែងជាសិល្បៈ ភាគច្រើន គឺពាក់ព័ន្ធនឹងសកម្មភាពនៃដំណើររកល័ក្តដោយជួបជាតិសាសន៍ផ្សេងៗ ដូចជាចិន ចាម្ប៉ា ជនជាតិដើមភាគតិច ជាដើម។ល។ ក្នុងការអនុវត្តជាក់ស្តែង ពិធីនេះអាចប្រែប្រួលតាមទម្រង់ផ្សេងៗទៅតាមតំបន់ ឬទៅតាមលទ្ធភាពនានា។

ក្រសួងវប្បធម៌ បានអំពាវនាវដល់គ្រប់អ្នកសិល្បៈ និង អ្នករៀបចំពិធី សូមព្យាយាមរក្សាឱ្យបាននូវការគោរព និងការអនុវត្តតាមពិធីដើមនៃមង្គលការ ដោយចៀសវាងឱ្យបាន នូវការកែច្នៃ ដែលប្រាសចាកពីទំនៀមទម្លាប់ដើម ជាពិសេសការប្រើប្រាស់ពាក្យសម្តី កាយវិការ និងសម្លៀកបំពាក់ ទាំងឡាយដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់នៃជំនឿ និងសាសនារបស់សហគមន៍ និងជាតិសាសន៍នានា៕

Khcct banner

អត្ថបទទាក់ទង