តាកែវ៖ គម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែន ស្ថិតក្នុងខេត្តតាកែវ សម្រេចបានជិត ១០០%ហើយ ទំនប់អាងទឹកនេះបង្កើនសមត្ថភាពស្រោចស្រពលើផ្ទៃដីដាំដុះដំណាំប្រមាណ ១៥០ ហិកតាជូនដល់ប្រជាកសិករចំនួន ១១៦ គ្រួសារ។ បើតាមមន្ត្រីបច្ចេកទេស គម្រោងសាងសង់នេះ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។
លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២២ ខែកុម្ភៈ បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែន ដែលមានទីតាំងស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
គិតមកទល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។ យោងតាមរបាយការណ៍បច្ចេកទេស គម្រោងសាងសង់នេះរួមមាន៖ សាងសង់ទំនប់អាងទឹកប្រវែង ១៣០ ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យចំនួន ២ កន្លែង។
លោកប្រធាននាយកដ្ឋានសបញ្ជាក់ថា ទំនប់អាងទឹកនេះមានសារៈសំខាន់ខ្លាំងក្នុងការស្តុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបង្កើនសមត្ថភាពស្រោចស្រពលើផ្ទៃដីដាំដុះដំណាំប្រមាណ ១៥០ ហិកតា ជូនដល់ប្រជាកសិករចំនួន ១១៦ គ្រួសារ៕