ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ជាមួយនិងកាយរឹទ្ធិជាតិកម្ពុជា បានប្រកាសជ្រើសរើសយុវជនដែលមានគំនិតផ្តួចផ្តើម និងការច្នៃប្រឌិតក្នុងការថតរូប ដើម្បីចូលរួមក្នុងការប្រកួតរូបថតថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ៖ «ការអប់រំកាយរឹទ្ធិកម្មក្នុងបុព្វហេតុជាតិ»។
កម្មវិធីប្រកួតនេះ តម្រូវឱ្យបេក្ខជនទាំងពីរភេទ ត្រូវមានអាយុចាប់ពី ១៥ឆ្នាំដល់ ២៥ឆ្នាំ, កាយរឹទ្ធិជំទង់ និងកាយរឹទ្ធិរៀមច្បង ជាសមាជិក នៃកាយរឹទ្ធិជាតិកម្ពុជា, បេក្ខជនទូទៅដែលបានជ្រើសរើសត្រូវស្ម័គ្រចិត្តចូលរួមជាមួយសមាជិក នៃកាយរឹទ្ធិជាតិកម្ពុជា និងមានឆន្ទៈ គំនិតផ្តួចផ្តើម និងការច្នៃប្រឌិតក្នុងការថតរូប រួមជាមួយស្មារតីធ្វើការងារក្រុមល្អ និងសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស។
ចំពោះអត្ថប្រយោជន៍ បេក្ខជននឹងទទួលបាន រង្វាន់លើកទឹកចិត្ត និងវត្ថុអនុស្សាវរីយ៍, ទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ថតរូបអាជីពពីអ្នកជំនាញ និងរូបថតជ័យលាភីលេខ១ លេខ២ លេខ៣ ត្រូវបញ្ជូនទៅប្រកួតនៅថ្នាក់តំបន់អាស៊ី-បាស៊ីហ្វិក។
សម្រាប់យុវជនដែលមានចំណាប់អារម្មណ៍លើការប្រកួតនេះ សូមចុះឈ្មោះតាមរយៈដំណភ្ជាប់៖ https://forms.gle/g9zwPHNjCRuFjknEA ដោយការដាក់ពាក្យយ៉ាងយូរត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦៕