ភ្នំពេញ៖ កម្ពុជា និងឥណ្ឌា នាថ្ងៃទី២១ កុម្ភៈ បានប្តេជ្ញាសហការរួមគ្នាជំរុញទេសចរណ៍ ជាមួយការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុង Bengaluru (Bangalore) និងបន្តផ្សព្វផ្សាយលើកកម្ពស់សក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជាជូនដល់វិនិយោគិន និងប្រជាពលរដ្ឋឥណ្ឌា។
នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានជំនួបជាមួយលោក Karthik Tallam កុងស៊ុលកិត្តិយសកម្ពុជាប្រចាំ ទីក្រុង Bengaluru (ឈ្មោះពីមុន Bangalore) រដ្ឋ Karnataka នៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហការក្នុងវិស័យទេសចរណ៍ និងការវិនិយោគបន្ថែមរវាងកម្ពុជា និងឥណ្ឌា។
កំឡុងពេលនោះ លោក Karthik Tallam បញ្ជាក់ពីការប្តេជ្ញាចិត្តបន្តផ្សព្វផ្សាយលើកកម្ពស់សក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជាជូនដល់វិនិយោគិន និងប្រជាពលរដ្ឋឥណ្ឌា ជាពិសេសអ្នករស់នៅ និងធ្វើអាជីវកម្មនៅទីក្រុង Bengaluru (Bangalore) និងបណ្តាក្រោមដែនសមត្ថកិច្ចរបស់ស្ថានកុងស៊ុល។
បន្ថែមពីនេះ លោកក៏បានគូសបញ្ជាក់ពការពង្រឹងពង្រីកកិច្ចសហការលើវិស័យទេសចរណ៍រវាងខេត្តសៀមរាប និងរដ្ឋ Karnataka ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតក្រោមក្របខណ្ឌកិច្ចព្រមពៀងទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងរដ្ឋ Karnataka ដែលបានចុះហត្ថលេខាកាលពីខែកញ្ញា ឆ្នាំ2025 កន្លងមក ជាពិសេសគឺកិច្ចប្រឹងប្រែងរួមគ្នាជំរុញដល់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាដ៏ធំ Indigo Airlines ហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុង Bengaluru (ហៅពីមុន Bangalore) ដើម្បីជំរុញកំណើនភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាឱ្យកាន់តែច្រើនឡើង។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ក៏បានស្នើលោកកុងស៊ុលកិត្តិយស បន្តជួយផ្សព្វផ្សាយព័ត៌មានពិតអំពីស្ថានភាពនយោបាយ សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងឆាប់រហ័សរបស់កម្ពុជា ដល់ប្រជាពលរដ្ឋនិងវិនិយោគិនឥណ្ឌា ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយពីកម្ពុជា ដែលការពិត កម្ពជាជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងសន្តិសុខ៕