ភ្នំពេញ៖ បន្ទាប់ពីខេត្តសៀម គឺរាជធានីភ្នំពេញ នឹងលេចចេញនូវ «ផ្ទាំងគំនូរធំ»ទី២ ដែលបកអាក្រាតសកម្មភាពយោធាថៃលើប្រជាជនស៊ីវិលកម្ពុជា ហើយការគូរផ្ទាំងគំនូរនេះ នឹងចាប់ផ្តើមធ្វើឡើងនៅម៉ោង៤ល្ងាចថ្ងៃទី ២០ កុម្ភៈស្អែកនេះ នៅសួនមុខវត្តបទុមវតី រាជធានីភ្នំពេញ។ការងារសិល្បៈផ្ទាំងគំនូរនេះ ធ្វើឡើងដើម្បីអំពាវនាវរកសន្តិភាព និង ជំរុញឲ្យកងទ័ពថៃដកចេញពីដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
យោងតាម លោក តាន់ គីមសួរ មេដឹកនាំសកម្មភាពយុទ្ធនាការនេះ បានអះអាងថា «ផ្ទាំងគំនូរធំ»ទី២ នឹងរំលេចនូវបច្ចុប្បន្នភាព សកម្មភាពថ្មីៗរបស់យោធាថៃ ដែលបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ សកម្មភាពការបំផ្លិចបំផ្លាញទីសក្ការបូជា និងរូបសំណាក ក៏ដូចជាជីវិតរបស់ប្រជាជនដែលផ្ទះសម្បែងរបស់ពួកគេត្រូវបានកាត់ផ្តាច់ដោយកុងតឺន័របស់ថៃ និង របងលួសបន្លា។
បើតាមលោក តាន់ គីមសួរ ចាត់ទុក«ផ្ទាំងគំនូរធំ»ទី២ គឺជាសារបន្ថែមដើម្បីប្រាប់សហគមន៍អន្តរជាតិចាត់វិធានការ ដើម្បីរុញ យោធាថៃ ចេញពីកម្ពុជា ហើយលោករំពឹងថា អន្តរជាតិនឹងចាត់វិធានការដោយផ្អែកលើការពិតនៅលើដី និង បញ្ចប់រាល់ការឈ្លានពានទាំងអស់។
គួរបញ្ជាក់ថា បច្ចុប្បន្នដែនអធិបតេយ្យជាតិរបស់កម្ពុជាមួយចំនួនត្រូវបានក្រុមយោធាថៃ ចូលកាន់កាប់យ៉ាងជ្រៅ និង បានដាក់កុងតឺន័រដឹកទំនិញ រាយលួសបន្លា រារាំងដល់ជនស៊ីវិលកម្ពុជាមិនអាចវិលចូលផ្ទះសម្បែងរបស់គេបាន បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីអាម៉េរិកលោក Donald Trump និង អាស៊ានក្តី។រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងជាបន្តបន្ទាប់ពីសកម្មភាពឈ្លានពានរបស់យោធាថៃនេះ ដោយមិនទទួលស្គាល់ជាដាច់ខាតព្រំដែនគូសដោយឯកតោភាគី ខណៈព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនទទួលស្គាល់ជាលក្ខណៈអន្តរជាតិ៕