681 ezgif.com resize
Swift cc time

ជប៉ុនផ្តល់ថវិកា១លានដុល្លារ ដើម្បីជួយផ្តល់«ឱកាសការងារ»ដល់អតីតពលករកម្ពុជាមកពីថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសជប៉ុន នៅថ្ងៃទី ១៨ កុម្ភៈនេះ បានចុះហត្ថលេខាផ្តល់ថវិកា១លានដុល្លារជួយពលករចំណាកស្រុកឲ្យទទួលបានការងារសមរម្យ និង ធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចក្នុងស្រុក តាមរយៈកញ្ចប់រួមគ្នានៃការគាំពារ មុខរបរនិងការងារ និង សេវាកម្មជំនាញ។

គម្រោងនេះមានរយៈពេល២៤ខែ និង ដឹកនាំដោយ ILO និងក្រសួងការងារ ដោយមានការគាំទ្រពីក្រសួងការបរទេសជប៉ុន សម្រាប់ធ្វើ សកម្មភាពសំខាន់ៗក្នុងគម្រោងរួមមាន៖ ការបង្កើតមជ្ឈមណ្ឌលធនធានពលករចំណាកស្រុកថ្មីចំនួន ៣ ក្នុងខេត្តដែលមានពលករវិលត្រឡប់មកវិញច្រើន ដូចជា៖ ខេត្តឧត្តរមានជ័យ ពោធិ៍សាត់ និងព្រះវិហារ ដើម្បីផ្តល់សេវាពិគ្រោះយោបល់ ការចុះផ្សព្វផ្សាយ ការប្រមូលទិន្នន័យ និង ជំនួយផ្នែកច្បាប់។

គម្រោងនេះក៏នឹងគាំទ្រដល់ការឆ្លើយតបផ្នែកការងារ តាមរយៈការពិគ្រោះយោបល់ជាមួយនិយោជក និងអង្គការវិជ្ជាជីវៈកម្មករនិយោជិត ពិព័រណ៍ការងារនៅកម្រិតឃុំ/សង្កាត់ និងយុទ្ធនាការលើកកម្ពស់ការយល់ដឹងតាមគោលដៅ ជាពិសេសនៅក្នុងវិស័យប្រើប្រាស់កម្លាំងពលកម្មច្រើន ដូចជា៖ វិស័យកាត់ដេរ សំណង់ និងផលិតកម្ម។ ការពង្រឹងជំនាញ និងរៀនជំនាញថ្មីតាមតម្រូវការទីផ្សារ ក៏នឹងត្រូវអនុវត្តផងដែរ តាមរយៈវគ្គបណ្តុះបណ្តាលខ្លីៗ ការទទួលស្គាល់ជំនាញមានពីមុន (RPL) ការបណ្តុះបណ្តាលសមត្ថភាពរកការងារ និងសហគ្រិនភាព ព្រមទាំងការពង្រឹងប្រព័ន្ធថ្នាក់ជាតិ ដើម្បីធានាការធ្វើសមាហរណកម្មឡើងវិញដោយចីរភាពទៅក្នុងប្រព័ន្ធការងារសមរម្យ។

លោក អ៊ូអិណុ តំណាងទូតជប៉ុន បានសម្តែងនូវមោទកភាពក្នុងការគាំទ្រកម្ពុជា និង ILO ក្នុងការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ពលករដែលត្រឡប់មកវិញ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជប៉ុន ចំពោះសន្តិសុខមនុស្សជាតិ និងស្ថិរភាពតំបន់។លោកថា គម្រោងនេះ បញ្ជាក់ឡើងវិញពីភាពជាដៃគូយូរអង្វែងរវាងជប៉ុន និង កម្ពុជា ក៏ដូចជាការគាំទ្ររបស់ជប៉ុនចំពោះទីផ្សារការងារដែលរួមបញ្ចូល និងមានភាពធន់។

ចំណែកលោក ហេង សួរ បានហៅគម្រោងនេះស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង រួមចំណែកដល់ការអភិវឌ្ឍទីផ្សារការងាររយៈពេលវែង ដែលនឹងពង្រឹងសមត្ថភាពកម្ពុជាក្នុងការតភ្ជាប់អតីតពលករ ទៅកាន់ការអភិវឌ្ឍជំនាញ សេវាកម្មមុខរបរនិងការងារ និងជីវភាពរស់នៅប្រកបដោយផលិតភាព ដើម្បីជួយឲ្យពួកគាត់កសាងជីវិតឡើងវិញដោយមានកិត្តិយស។

រីឯ លោកស្រី ស៊ាវយៀន ឈាន បានលើកឡើងថា គម្រោងនេះជួយពង្រឹងប្រព័ន្ធសមាហរណកម្មថ្នាក់ជាតិ ដោយតភ្ជាប់ការទទួលស្គាល់ជំនាញ ការផ្គូផ្គងការងារ និងការការពារសង្គម ដោយធានាថា អតីពលករចំណាកស្រុកត្រូវបានគាំទ្រប្រកបដោយប្រសិទ្ធភាព៕

Khcct banner

អត្ថបទទាក់ទង