ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាលើការនាំចេញ-នាំចូលទំនិញពីក្រៅប្រទេស ភាគច្រើនគឺប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹករហូតដល់៨០% ខណៈការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានតិចជាង ១០% និងក្រៅពីនេះគឺដឹកជញ្ជូនតាមផ្លូវគោក សម្រាប់ប្រទេសជិតខាង។នេះជាការលើកឡើងរបស់ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន LINEX Logistics Cambodia Co., Ltd មកកាន់សារព័ត៌មានស៊សីស៊ីថាមស៍។
ឧកញ៉ា ស៊ិន ចន្ធី បានមានប្រសាសន៍ថា គិតមកដល់ពេលនេះ វិស័យដឹកជញ្ជូននៅកម្ពុជាគឺមានសកម្មភាពធម្មតា មិនមានជាផលប៉ះពាល់ធ្ងន់ធ្ងរឡើយ។ ចំពោះទំនិញដែលដឹកចេញ ចូលកម្ពុជា ដែលមានលក្ខណៈជាការធ្វើពាណិជ្ជកម្មអន្តរជាតិ ភាគច្រើនគឺប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ដែលមានរហូតដល់ ៨០% ខណៈការដឹកទំនិញតាមផ្លូវអាកាសមានតិចជាង ១០% និងក្រៅពីនេះគឺដឹកតាមផ្លូវគោក សម្រាប់ប្រទេសជិតខាង។
ឧកញ៉ារូបនេះបញ្ជាក់ថា ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងនៃវិស័យដឹកជញ្ជូនកម្ពុជា បច្ចុប្បន្ននេះគឺមានភាពរីកចម្រើនយ៉ាងច្រើន ជាក់ស្ដែងដូចជាកំពង់ផែទឹកជ្រៅនៅតាមបណ្ដាខេត្តមួយចំនួន អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលកំពុងដាក់ឱ្យដំណើរការ និងទទទួលបានការចូលចតពីក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើន។ កត្តាទាំងនេះ អាចលេចជារូបរាងបាន គឺដោយសារការខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែមានភាពលេចធ្លោ និងប្រកួតប្រជែងខ្ពស់។
ក្រៅពីនេះគឺហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់នៃវិស័យដឹកជញ្ជូនគឺ ផ្នែកឌីជីថល ដែលជាផ្នែកសំខាន់មួយជួយនៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានការអភិវឌ្ឍន៍ច្រើន ពិសេសទាក់ទងនឹងការទូទាត់ទំនិញចេញ ប្រព័ន្ធគយជាដើម ដែលសុទ្ធតែដាក់ចូលក្នុងប្រព័ន្ធទាំងអស់ ដែលបង្កភាពងាយស្រួល និងចំណេញពេលវេលា។ នេះជាការបញ្ជាក់របស់ឧកញ៉ា ស៊ិន ចន្ធី។
ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី ក៏បានសំណូមពរបន្ថែមដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការនាំយកនូវបច្ចេកទេសថ្មីៗនៅជុំវិញពិភពលោក មកប្រើប្រាស់ក្នុងស្រុកដើម្បីជាផលប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យ។
គួរបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានក្នុងទឹកប្រាក់ប្រមាណ ៦ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងនោះកម្ពុជាសម្រេចការនាំចេញក្នុងទឹកប្រាក់ជិត ៣ពាន់លានដុល្លារ កើនឡើង ២៦.៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ៣.១ ពាន់លានដុល្លារ កើនឡើង ១២.៨% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ប្រទេសដែលធ្វើការនាំចេញ នាំចូលជាមួយកម្ពុជាច្រើនជាងគេគឺ ចិន បន្ទាប់មកមានដូចជា អាម៉េរិក វៀតណាម ជប៉ុន។ល។
មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម៕