រតនគីរី៖ ការសិក្សាស្រាវជ្រាវជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្ត ដែលធ្វើឡើងនៅចន្លោះខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ បានបង្ហាញពីប្រភេទសត្វសំខាន់ជាច្រើនចំនួន ៤២ប្រភេទ ដែលជា សត្វជិតផុតពូជបំផុត សត្វជិតផុតពូជ និងងាយរងគ្រោះ នៅឧទ្យានជាតិវីរជ័យ ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជាដែលជាជម្រកដ៏មានសារៈសំខាន់សម្រាប់សត្វព្រៃគ្រប់ប្រភេទ។
តាមរយៈការសិក្សានេះ បានរកឃើញប្រភេទសត្វ សំខាន់ៗ ដែលកត់ត្រាបានចំនួន ៤២ប្រភេទដូចជា៖ ថនិកសត្វ ៣២ប្រភេទ បក្សី ៩ប្រភេទ និងពួកប្អូន ១ ប្រភេទ ។សម្រាប់ប្រភេទសត្វដែលកត់ត្រាខាងលើនេះមាន ២ប្រភេទជាសត្វជិតផុតពូជបំផុត ៥ប្រភេទជា សត្វជិតផុតពូជ និង១៣ប្រភេទសត្វងាយរងគ្រោះ ដោយឡែកកំណត់ត្រាវីដេអូរបានកត់ត្រានូវហ្វូងដំរីអាស៊ី ដែលជាសក្ខីភាពបង្ហាញពីមោទនភាពនិងភាពសមស្របនៃទីជម្រកធម្មជាតិនៃតំបន់ឧទ្យានជាតិវីរៈជ័យ។
ប្រភេទសត្វកម្រសំខាន់ៗជាច្រើន រួមមាន៖ ដំរីអាស៊ី ឆ្កែព្រៃ ខ្លាពពក ខ្លាលឿងមាស កេងកងធំ ខ្លាភ្ញីថ្មកែវ រញីប្រផេះ ក្ងោក ស្វាកន្ទុយស ពង្រូល និងប្រភេទសត្វផ្សេងៗជាច្រើនទៀត។
គោលបំណងសំខាន់នៃការសិក្សាស្រាវជ្រាវនេះគឺ ដើម្បីធានាបាននូវការពង្រឹងសកម្មភាពអភិរក្សនៅតំបន់សំខាន់ៗ ទាំងនេះ ដោយផ្តោតទៅលើការស្វែងយល់ពីតម្រូវការរបស់សហគមន៍មូលដ្ឋាន និងភាពចាំបាច់ក្នុង ការការពារសត្វព្រៃផងដែរ៕