ភ្នំពញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈ ចេញសេចក្ដីណែនាំពីការហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ការលែងល្បែងស៊ីសង និងការហែក្បួនតាមបែបប្រពៃណី ឬសាសនាដោយគ្មានការអនុញ្ញាត ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។
ក្នុងសេចក្ដីណែនាំដដែល រដ្ឋបាលរាជធានី តម្រូវឲ្យប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីធ្វើការដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។
ទន្ទឹមនឹងនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅតាមទីផ្សារ និងនៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ និងអង្គភាពជុំវិញរដ្ឋបាលរាជធានី ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំ នេះឱ្យមានប្រសិទ្ធភាព។
ជាមួយគ្នានេះ រដ្ឋបាលរាជធានី ក៏បានស្នើមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។ ជនណានៅតែបំពាន ឬប្រព្រឹត្តល្មើសមិនគោរពតាមការណែនាំខាងលើ បង្កឱ្យមានចលាចល ក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈត្រូវ ទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕