បាត់ដំបង៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Igor Driesmans កាលពីថ្ងៃទី៩ ខែកុម្ភៈ បានចុះទៅពិនិត្យផ្លូវជនបទក្រាលកៅស៊ូ ដែលទើបធ្វើរួចក្នុងខេត្តបាត់ដំបង ដើម្បីមើលពីវឌ្ឍនភាពនៃគម្រោងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM)។ ហេដ្ឋារចនាសម្ព័ន្ធជនបទជាច្រើនកំពុងត្រូវបានកែលម្អឡើងវិញ ដើម្បីធានាថា សហគមន៍មូលដ្ឋានអាចធ្វើដំណើរងាយស្រួល ទៅកាន់ទីផ្សារ សាលារៀន និងមណ្ឌលសុខភាព បានពេញមួយឆ្នាំ ទោះបីក្នុងស្ថានភាពប្រែប្រួលអាកាសធាតុយ៉ាងណាក៏ដោយ។
គំនិតផ្តួចផ្តើមនេះ គឺជាមោទនភាពនៃភាពជាដៃគូរបស់ "ក្រុមអឺរ៉ុប" (Team Europe) ដែលរួមមានសហភាពអឺរ៉ុប អាល្លឺម៉ង់ (តាមរយៈធនាគារ KfW) និងបារាំង (តាមរយៈទីភ្នាក់ងារ AFD)។ ជាមួយនឹងការវិនិយោគសរុបចំនួន ១០៥ លានអឺរ៉ូ ក្រុមអឺរ៉ុបកំពុងស្តារ និងកែលម្អផ្លូវជនបទប្រវែងប្រមាណ ៥៥០ គីឡូម៉ែត្រ នៅក្នុងខេត្តបាត់ដំបង សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ កំពង់ធំ ព្រៃវែង និងព្រះវិហារ៕