681 ezgif.com resize
Swift cc time

អ្នកវិនិយោគ និងអ្នកសារពត៌មានកូរ៉េ ប្រមាណ ២០នាក់ គ្រោងនឹងមកកម្ពុជានៅពាក់កណ្តាលខែកុម្ភៈនេះ ស្វែងយល់ពីស្ថានភាពសុវត្ថិភាព បរិយាកាស ប្រាប់ទៅប្រជាជនកូរ៉េ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ ក្រុមគណៈប្រតិភូកូរ៉េ ប្រហែល ២០នាក់ ដែលក្នុងនោះមានអ្នកវិនិយោគ និងអ្នកសារពត៌មានកូរ៉េ នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅពាក់កណ្តាលខែកុម្ភៈនេះ ដើម្បីស្វែងយល់ថាកម្ពុជាមានសុវត្ថិភាព និងផ្តល់បរិយាកាសល្អសម្រាប់អ្នកវិនិយោគ ហើយអ្នកសារព័ត៌មានកូរ៉េអាចរាយការណ៍ពីតថភាពក្នុងប្រទេសកម្ពុជាដល់ប្រជាជនកូរ៉េ បន្ទាប់ពីដំណើរទស្សនកិច្ចនេះ។ ការប្រកាសនេះ ធ្វើឡើងកំឡុងពេលជំនួបរវាងលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកPARK JOO BONG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Daejoo KC នាថ្ងៃទី៩ កុម្ភៈ។

ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានលើកឡើងអំពីបច្ចុប្បន្នភាពនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងកូរ៉េ ផ្តោតលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការស្តារស្ថានភាពទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យត្រលប់ទៅរកប្រក្រតីភាពវិញ បន្ទាប់ពីមានបញ្ហាឧក្រិដ្ឋកម្មអនឡាញបានកើតឡើងកាលពីឆ្នាំកន្លងមក ។

ជាការឆ្លើយតប លោក PARK JOO BONG បានលើកឡើងថា ប្រទេសកូរ៉េនៅតែផ្តល់សារៈសំខាន់ដល់ទំនាក់ទំនងរវាងប្រទេសកម្ពុជា-កូរ៉េ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។

ទន្ធឹមនឹងនេះ លោក ឃួន ផុនរតនៈ បានស្វាគមន៍ចំពោះគម្រោងរបស់ លោក PARK ក្នុងការដឹកនាំក្រុមគណៈប្រតិភូកូរ៉េទៅប្រទេសកម្ពុជា ដែលវាស្របទៅនឹងផែនការសកម្មភាពរបស់ស្ថានទូតដែលកន្លងមកស្ថានទូត តែងព្យាយាមស្នើឱ្យប្រព័ន្ធសារព័ត៌មានកូរ៉េផ្សព្វផ្សាយអំពីភាពពិតក្នុងប្រទេសកម្ពុជា និងចុះផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ដើម្បីផ្តល់នូវទំនុកចិត្ត និងរក្សាសុខសុវត្ថិភាព ជូនវិនិយោគិន និងភ្ញៀវទេសចរ។ លោកឯកអគ្គរាជទូតបានបន្តថា ស្ថានទូតត្រៀមខ្លួនរួចជាស្រេចក្នុងការសហការរៀបចំជំនួបរវាងក្រុមគណៈប្រតិភូ និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕


Khcct banner

អត្ថបទទាក់ទង