ក្រចេះ៖ អង្គការទស្សនៈពិភពលោក អន្តរជាតិប្រចាំនៅកម្ពុជា នៅថ្ងៃនេះ បានប្រកាសបើកដំណើរការជាផ្លូវការគម្រោង “បង្កើតដំណោះស្រាយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈ បណ្តាញទីផ្សារប្រកបដោយបរិយាបន្ន” ហៅកាត់ថា បាស៊ីន (BASIN) ដើម្បីពង្រឹងខ្សែចង្វាក់តម្លៃកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយបរិយាបន្ន ព្រមទាំងលើកកម្ពស់សិទ្ធិ និងសមត្ថភាពស្ត្រី ជនមានពិការភាព និងគ្រួសារដែលងាយរងគ្រោះ។
បាស៊ីន ជាគំនិតផ្តួចផ្តើមថ្នាក់តំបន់មួយ ដែលអនុវត្តដោយអង្គការទស្សនៈពិភពលោកអន្តរជាតិ ក្នុងប្រទេសចំនួន៣ គឺ ឡាវ កម្ពុជា (ខេត្តក្រចេះ) និងវៀតណាម។ គម្រោងនេះ ទទួលបានមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូមេគង្គ អូស្ត្រាលី ហើយកំពុងអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២៥ ដល់ខែមេសា ឆ្នាំ២០២៩ ដោយមានគោលបំណងពង្រឹងអនុតំបន់មេគង្គ ឱ្យកាន់តែមានបរិយាបន្ន សមាហរណកម្ម សេដ្ឋកិច្ចរឹងមាំ និងធន់នឹងអាកាសធាតុ។
នៅកម្ពុជា បាស៊ីន នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋជាង ៩.០០០ នាក់ រួមមានស្ត្រី ២.១០០ នាក់ ជនមានពិការភាព ជិត ៥០០ នាក់ និងកុមារ ៤.៧០០ នាក់ នៅស្រុកព្រែកប្រសព្វ សំបូរ និងស្នួល ខេត្តក្រចេះ។
សិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងនេះ បានប្រមូលផ្តុំអ្នកចូលរួមជាង ១០០ នាក់ រួមមានតំណាងពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី រដ្ឋបាលខេត្តក្រចេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរជំនាញថ្នាក់ខេត្ត អង្គការសង្គមស៊ីវិល សហគមន៍កសិកម្ម ក្រុមកសិករ វិស័យឯកជន អ្នកជំនាញបច្ចេកទេស និងបុគ្គលិកអង្គការ ទស្សនៈពិភពលោកពីអូស្ត្រាលី តំបន់អាស៊ីខាងកើត និងកម្ពុជា។
នៅក្នុងពិធីបើកដំណើរគម្រោង លោកជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោក ប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ពីមហិច្ឆតាផ្លាស់ប្រែរបស់គម្រោងនេះថា៖ «បាស៊ីន មិនត្រឹមតែបង្កើនផលិតភាពកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការបំលែងប្រព័ន្ធទីផ្សារ ដើម្បីឱ្យស្ត្រី ជនមានពិការភាព និងគ្រួសារងាយរងគ្រោះ មិនត្រូវបានទុកចោលឡើយ តែពួកគេត្រូវបានទទួលស្គាល់ថាជាអ្នកដឹកនាំ និងជាអ្នកជំរុញខ្សែចង្វាក់តម្លៃកសិកម្មដែលមានបរិយាបន្ន និងធន់នឹងអាកាសធាតុ។ តាមរយៈទីផ្សារដែលមានបរិយាបន្ន វិធីសាស្ត្របម្លែងយេនឌ័រ និងភាពជាដៃគូរឹងមាំ យើងកំពុងកសាងផ្លូវប្រកបដោយនិរន្តរភាព សម្រាប់ភាពធន់យូរអង្វែង សមធម៌ និងសកម្មភាពអាកាសធាតុដឹកនាំដោយសហគមន៍នៅទូទាំងអនុតំបន់មេគង្គ»។
លោកស្រី Nikki Wright លេខាធិការទីមួយ (អភិវឌ្ឍន៍) ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសថៃ បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលីចំពោះការអភិវឌ្ឍប្រកបដោយចរីភាពនៅក្នុងអនុតំបន់មេគង្គថា៖ «អូស្ត្រាលីមានមោទនភាពក្នុងការគាំទ្រគំនិតផ្តួចផ្តើមកម្មវិធីដូចជា បាស៊ីន តាមរយៈកម្មវិធីភាពជាដៃគូតំបន់ទន្លេមេគង្គ និងអូស្ត្រាលី ដើម្បីពង្រឹងភាពធន់អាកាសធាតុ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងជំរុញសមភាពយេនឌ័រ សមធម៌ជនមានពិការភាព និងការចូលរួមសង្គម។ សកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការធានាថាកំណើននៅក្នុងអនុតំបន់មេគង្គគឺប្រកបដោយបរិយាបន្ន និរន្តរភាព និងជំរុញដោយសំឡេងគាំទ្រ និងអាទិភាពរបស់សហគមន៍មូលដ្ឋាន»។
ចំណែក លោក ហង្ស ចាន់ឌី អភិបាលរងខេត្តក្រចេះ បានស្វាគមន៍គំនិតផ្តួចផ្តើមនេះ និងបញ្ជាក់ការគាំទ្រថ្នាក់ខេត្តចំពោះ គម្រោងបាស៊ីនថា៖ «កសិកម្មជាសសរគោលនៃសេដ្ឋកិច្ចខេត្តក្រចេះ ប៉ុន្តែកសិកររបស់យើងកំពុងប្រឈមមុខនឹងហានិភ័យអាកាសធាតុ និងបញ្ហាទីផ្សារកាន់តែច្រើន។ បាស៊ីន ផ្តល់ការគាំទ្រដែលទាន់ពេលវេលា ដោយភ្ជាប់កសិករទៅទីផ្សារ លើកកម្ពស់ការអនុវត្តឆ្លាតវៃចំពោះអាកាសធាតុ និងធានាឱ្យស្ត្រី និងជនមានពិការភាពអាចចូលរួមពេញលេញ និងទទួលផលពីការរីកចម្រើនសេដ្ឋកិច្ច។ រដ្ឋបាលខេត្តគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងនេះព្រមទាំងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់ដើម្បីធានាបាននូវភាពជោគជ័យ»។
លោកស្រី ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា៖ «បាស៊ីន ស្របតាមអាទិភាពអភិវឌ្ឍន៍កសិកម្មរបស់កម្ពុជា ជាពិសេសការលើកកម្ពស់កសិកម្មឆ្លាតវៃធន់នឹង អាកាសធាតុ ការពង្រឹងសហគមន៍កសិកម្ម និងការកែលម្អសមត្ថភាពប្រកួតប្រជែងខ្សែចង្វាក់តម្លៃ។ យើងស្វាគមន៍ការផ្តោតលើប្រព័ន្ធទីផ្សារដែលមានបរិយាបន្ន និងការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ចស្ត្រី និងបរិយាបន្នសង្គម»៕