ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី៣ កុម្ភៈ បានចេញសេចក្តីប្រកាស ពីការចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីខែកុម្ភៈឆ្នាំ២០២៦នេះតទៅ ក្រោយមើលឃើញថា ត្រឹមរយៈពេល ១ខែមករា ដើមឆ្នាំ២០២៦ ធៀបនឹងខែមករា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងរយៈពេល ១៦០ថ្ងៃ (គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥) ក្នុងអំឡុងពេលមានជម្លោះ ប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ការត្រួតពិនិត្យការអនុវត្តច្បាប់ត្រូវបានបន្ធូរបន្ថយមួយរយៈ។ ក្នុងរយៈពេលនោះករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង៣៤លើក ស្មើ៣% អ្នកស្លាប់កើន៦២នាក់ ស្មើ១០% និងអ្នករបួសកើន២០៩នាក់ ស្មើ១៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ដោយឡែក ត្រឹមរយៈពេល ១ខែមករា ដើមឆ្នាំ២០២៦ ធៀបនឹងខែមករា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើន៤២លើក ស្មើ១៩% អ្នកស្លាប់កើន២៥នាក់ ស្មើ១៨% និងអ្នករបួសកើន៦៤នាក់ ស្មើ២៣%។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន ការបើកបរល្មើសល្បឿន៤៧% មិនគោរពសិទ្ធិ២១% មិនប្រកាន់ស្តាំ១០% ប្រជែងគ្រោះថ្នាក់៧% បត់គ្រោះថ្នាក់៦% ស្រវឹង៣% សញ្ញាចរាចរណ៍២% កត្តាយាន១% ងងុយ១% និងកត្តាផ្លូវ១% ។
ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីខែកុម្ភៈឆ្នាំ២០២៦នេះតទៅ ដើម្បីបន្តរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាល ទី៧នៃរដ្ឋសភា និងផែនការទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក២០២០-២០៣០ ឱ្យសម្រេចបានជោគជ័យ និងជួយកាត់បន្ថយចំនួន គ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ ចំនួនអ្នករបួស ការខូចខាតទ្រព្យសម្បត្តិសាធារណៈនិងឯកជនឱ្យបាន ជាអតិបរមា៕