681 ezgif.com resize
Swift cc time

ក្រសួងព័ត៌មាន និងអង្គការដៃគូអន្តរជាតិរៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន ដើម្បីការពារសិទ្ធិកុមារ ស្ត្រី និងជនងាយរងគ្រោះ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី៣ ខែកុម្ភៈនេះ បានរៀបចំកិច្ចប្រជុំជាមួយតំណាងអង្គការអន្តរជាតិជាដៃគូ ដើម្បីពិភាក្សាលើក្របខណ្ឌនៃកិច្ចសហការរៀបចំ«គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន»សំដៅធានាការលើកកម្ពស់និងការពារសិទ្ធិកុមារ ស្ត្រី និងក្រុមជនងាយរងគ្រោះនៅកម្ពុជា។

នេះជាគំនិតផ្ដួចផ្ដើមមួយទៀត ក្រោមការសម្របសម្រួលរបស់ក្រសួងព័ត៌មាន ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ជាពិសេសការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងប្រសិទ្ធភាពការងាររបស់អ្នកសារព័ត៌មានឱ្យកាន់តែមានភាពប្រសើរឡើង ក្នុងក្របខណ្ឌច្បាប់ និងស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា ដែលក្រសួងបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ គោលដៅចម្បង គឺការបង្កើតនូវវិធានជាក់លាក់ និងយន្តការសហការរវាងក្រសួង និងក្រុមបណ្តាញអង្គការ ដើម្បីធានាថាការរាយការណ៍ព័ត៌មានក្នុងសម័យឌីជីថល មិនបង្កផលប៉ះពាល់ដល់សិទ្ធិបុគ្គល និងគុណតម្លៃសង្គមឡើយ។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធ ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ និងតំណាងអង្គការអន្តរជាតិដៃគូមកពីអង្គការ Plan International Cambodia, អង្គការ Save the Children Cambodia, អង្គការ World Vision International, អង្គការ UNICEF Cambodia និង អង្គការ Care ។ កិច្ចប្រជុំ ផ្តោតការពិភាក្សាលើការបង្កើតក្របខណ្ឌនៃកិច្ចសហការ និងយន្តការជាក់លាក់សម្រាប់គាំទ្រដល់ដំណើរការនៃការរៀបចំគោលការណ៍ណែនាំ។

ជាមួយគ្នានេះ អ្នកនាំពាក្យ អំពាវនាវដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ត្រូវចូលរួមគោរពក្រមសីលធម៌ កុំផ្សព្វផ្សាយនូវព័ត៌មានណា ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល តាមរយៈការរាយការណ៍ព័ត៌មាន ត្រូវចូលរួមសកម្មក្នុងការការពារសិទ្ធិកុមារ ស្ត្រី និងក្រុមជនងាយរងគ្រោះនៅកម្ពុជា។ ការរៀបចំគោលការណ៍ណែនាំបន្ថែមនេះ នឹងជួយដល់អ្នកសារព័ត៌មានក្នុងការអនុវត្តការងារប្រចាំថ្ងៃ ធានាការផ្សាយព័ត៌មានដោយសុក្រិត ត្រឹមត្រូវ ជាមួយការទទួលខុសត្រូវ ពិសេសពេលរាយការណ៍អំពីកុមារ ស្ត្រី និងជនងាយរងគ្រោះ៕


Khcct banner

អត្ថបទទាក់ទង