681 ezgif.com resize
Swift cc time

ឥណ្ឌាផ្តល់ជំនួយជិត ១០ម៉ឺនដុល្លារដល់កម្ពុជា អភិវឌ្ឍន៍លើគម្រោងពង្រឹងសមត្ថភាពតាមដានអាកាសធាតុ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋាភិបាលឥណ្ឌា នាថ្ងៃទី០២កុម្ភៈនេះសម្រេចផ្តល់ជំនួយឥតសំណងចំនួន ៩៩២៥៥ ដុល្លារអាម៉េរិកដល់កម្ពុជា លើគម្រោងពង្រឹងសមត្ថភាពតាមដានអាកាសធាតុ នៅក្នុងខេត្តសៀមរាប ដើម្បីជួយដល់សុខុមាលភាពសាធារណៈ និងសេដ្ឋកិច្ចក្នុងតំបន់។ កិច្ចព្រមព្រៀងផ្តល់ជំនួយនេះ ធ្វើឡើងដោយមានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងលោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ក្រោមអធិបតីភាពរបស់លោករដ្ឋមន្រ្តី។

ក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រីក្រសួងធនធានទឹក បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាដែលជានិច្ចកាលតែងតែផ្តល់ជំនួយគាំទ្រទាំងសម្ភារៈ និងថវិកា ជួយដល់កម្ពុជា ជាពិសសកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យធនធានទឹក និងឧតុនិយម។ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានារវាងកម្ពុជា និងឥណ្ឌា ដើម្បីអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានថ្លែងនូវការកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ដែលបានរួមសហការគ្នាយ៉ាងល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត៕


Khcct banner

អត្ថបទទាក់ទង