សៀមរាប៖ សត្វភេមួយក្បាល ត្រូវបានឡានបុកស្លាប់ នៅថ្ងៃទី១ ខែកុម្ភៈ វេលាម៉ោងប្រហែល៣រសៀល នៅក្បែរទីតាំងកសិន្ទុអង្គរវត្តខាងត្បូង។ ភេឈ្មោលនេះ មានអាយុប្រហែលជា៦ទៅ៧ឆ្នាំ ដែលប្រជាពលរដ្ឋមួយចំនួនដាក់ឈ្មោះថា អូនលាភ ឬអាលាភ ជាភេចិញ្ចឹមសាំងជាមួយមនុស្ស ដែលពលរដ្ឋអស់លទ្ធភាពថែរក្សាយកមកព្រលែងនៅបរិវេណកសិន្ទុអង្គរ។
បើតាមលោក ជុំ សុភមករា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា កន្លងមកភេមួយក្បាលនេះ ក្រុមការងារជំនាញគ្រោងសហការជាមួយអង្គការ ចាប់យកទៅព្រលែងនៅសួនសត្វភ្នំតាម៉ៅ ដោយសារព្រួយបារម្ភថា ភេនេះមិនចេះស្វែងយកអាហារដោយខ្លួនឯង និងព្រួយបារម្ភខ្លាចខាំភ្ញៀវទសចរ។ ប៉ុន្តែក្រោយសង្កេតមួយរយះឃើញថាចេះរកចំណី និងពលដ្ឋស្រលាញ់ក៏សម្រេចបន្តអោយរស់នៅ ដោយក្រុមការងារតាមសង្កេត និងរក្សាអោយរស់នៅតាមធម្មជាតិ។
អ្នកនាំពាក្យ បានបន្ថែមថា ករណីខាងលើនេះ ក្រុមការងារទទួលបានការរាយការណ៍ពីបងប្អូនអ្នករត់រ៉ឺមក ថាមានឡានមួយគ្រឿងបុកសត្វភេស្លាប់ នៅវេលាម៉ោងដូចបញ្ជាក់ខាងលើ។ ប៉ុន្តែ មិនមានព័ត៌មានបន្ថែមពីប្រភេទឡាន ហើយឡានដែលបុកនោះ ក៏មិនមានវត្តមាននៅទីតាំងដែរ ពេលដែលក្រុមការងារទៅដល់។ ក្រោយត្រួតពិនិត្យរួចរាល់ ក្រុមការងារក៏បានសម្រេចយកសត្វភេខាងលើ ទៅកប់នៅផ្នែកកសិន្ទុអង្គរវត្តផ្នែកខាងជើង។ ករណីនេះ អាជ្ញាធរជាតិអប្សរារួមទាំងប្រជាពលរដ្ឋ បង្ហាញការសោកស្តាយខ្លាំង ដោយសារភាពស្លូតរបស់វាភេនេះ និងរួមចំណែកជួយទាក់ទាញភ្ញៀវទេសចរ បង្កើនភាពសម្បូរបែបនៅតំបន់អង្គរ៕