ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាស រកឃើញនៅថ្ងៃប្រឡងទី១ នូវមេក្លោង២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួស ២នាក់ ហើយកំពុងបន្តតាមរកអ្នកស៊ីឈ្នួលប្រឡងជំនួស និងមេក្លោង នៅថ្ងៃប្រឡងទី២បន្តទៀត។
យោងតាមលោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យ អ.ប.ព បានឱ្យដឹងថា ការប្រឡងចូលសាលាពេទ្យក្នុងដំណើរការ២ថ្ងៃ(ថ្ងៃសៅរ៍ ទី៣១ ខែមករា និងថ្ងៃអាទិត្យទី០១ ខែកុម្ភៈ ឆ្នាំ ២០២៦)រៀបចំដោយគណកម្មការប្រឡងថ្នាក់ជាតិ ក្នុងវិស័យសុខាភិបាល ដើម្បីជ្រើសរើសនិស្សិតចូលរៀនថ្នាក់ ឆ្នាំទី១ កំរិតបរិញ្ញាបត្ររង ចំនួន ៧ ១១០នាក់។
ក្នុងដំណើរការប្រឡង លោក យិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អ.ប.ព. បានឱ្យដឹងថា ការប្រឡង០២ថ្ងៃនេះ អ.ប.ព. ចាត់បញ្ជូនមន្ត្រី របស់ខ្លួនចំនួន ២៦២ នាក់ ជាកម្លាំងចំហរ សម្រាប់ការសង្កេតកាណ៍ដំណើរការប្រឡង ដឹកនាំដោយ ឧបការី កែវ ធីវុធ។ ទន្ទឹមនឹងនេះ អ.ប.ព.បានរៀបចំកម្លាំងសំងាត់មួយចំនួនទៀតដឹកនាំដោយ ឧបការី យិនទៀង ពុទ្ធិរ៉ា ដោយមាន លោក ហ៊ូ ស្ថាបនា អគ្គនាយកប្រតិបត្តិការ អ.ប.ព. និងនាយកដ្ឋានចំនួន០៣ ទៀត (នាយកដ្ឋានគតិយុត្ត, នាយកដ្ឋានចារកម្ម, នាយក- ដ្ឋានសន្តិសុខ) ហើយរកឃើញនៅថ្ងៃប្រឡងទី១ នូវមេក្លោង២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួស ២នាក់ យកមក អ.ប.ព.។
ជាមួយគ្នានោះ លោក អ៊ុ សំរាំង ប្រធាននាយកដ្ឋានចារកម្ម បានឱ្យដឹងថា មេក្លោងទទួលប្រាក់ ៨ពាន់ដុល្លារ ពីបេក្ខជនម្នាក់ៗ ហើយប្រគល់ឱ្យអ្នកស៊ីឈ្នួលប្រឡងជំនួសចំនួន២ទៅ៣ពាន់ដុល្លារ ក្នុងបេក្ខជនម្នាក់ ដែលខ្លួនបន្លំខ្លួនចូលប្រឡងជំនួស។ ចំណែក ឧបការី យិនទៀង ពុទ្ធិរ៉ា និង អគ្គនាយក ហ៊ូ ស្ថាបនា ក៏បានឱ្យដឹងថាខ្លួនកំពុងបន្តតាមរកអ្នកស៊ីឈ្នួលប្រឡងជំនួស និងមេក្លោង នៅថ្ងៃប្រឡងទី២នេះទៀត គឺថ្ងៃអាទិត្យទី០១ ខែកុម្ភៈ ឆ្នាំ២០២៦៕