កំពង់ស្ពឺ៖ គម្រោងអភិវឌ្ឍន៍តំបន់ភ្នំខ្នងផ្សារ បានក្លាយជាគោលដៅលំហែបៃតង សម្រាប់សហគមន៍គ្រប់គ្រង ដោយលើកកម្ពស់ទាំងជីវភាព និងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិរហូតមកទល់ពេលនេះ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សម្រេចបានលទ្ធផលរួចរាល់១០០%។នេះបើយោងតាមក្រសួងបរិស្ថានកម្ពុជា។
ក្នុងគម្រោងអភិវឌ្ឍន៍តំបន់«ភ្នំខ្នងផ្សារ»ដែលសាងសង់រួចរាល់ក្នុងនោះមាន៖ ការសាងសង់ក្លោងទ្វារឡើងភ្នំ កន្លែងដំណាក់ដំរី ការសាងសង់បន្ទប់ទឹកស្អាត កន្លែងចតឡាន ម៉ូតូ សួនច្បារ ការដាំដើមឈើចម្រុះ រួមជាមួយហាងកាហ្វេ ផ្សារសហគមន៍ ស្នាក់ការផ្តល់ព័ត៌មានសម្រាប់ទេសចរណ៍លើភ្នំ និងបន្ទប់សង្គ្រោះបឋម ។ ដោយឡែកការសាងសង់ផ្លូវ ប្រវែង ៧,២ គ.ម ទទឹងប្រវែង៨ម ចាប់ពីវត្តតាំងបំពង់ ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ របស់ក្រសួងអភិវឌ្ឍន៍ជន បានរៀបចំចាក់ដី និងក្រាលគ្រួសស្អាតរួចរាល់ ឌែលបានសម្រួលការធ្វើដំណើរងាយស្រួល។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន បានរៀចំគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតងនៅភ្នំខ្នងផ្សារ គឺជាការឆ្លើយតបនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល សំដៅការអភិវឌ្ឍប្រកបដោយចីរភាព និង ការគ្រប់គ្រងធនធានធម្មជាតិ បានយូរអង្វែង ដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ។លោកថា ការអភិវឌ្ឍគោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ ដែលនាំឱ្យមានភាពរីកចម្រើន ដោយមានការគាំទ្រ ទៅលើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ និងជីវៈចម្រុះ ហើយហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងចូលរួមលើកកម្ពស់ជីវភាពគ្រួសារ និងប្រែក្លាយសហគមន៍ ឱ្យទៅជាសហគ្រិន ដែលជាការផ្លាស់ប្តូរយ៉ាងសំខាន់ ពីការពឹងផ្អែកលើការកាប់ឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ មកចូលរួមចំណែកកាន់តែប្រសើរ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងបានបង្កើនចំណូលជីវភាពគ្រួសារបន្ថែមទៀត ពីគោលដៅលំហែបៃតងនៅតាមសហគមន៍។
លោកថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេល អញ្ជើញដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន ចូលរួមពិនិត្យមើសមិទ្ធផលថ្មីនៃគម្រោងគោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ និងរៀបចំផែនការអភិវឌ្ឍន៍ ផ្លូវឡើងភ្នំ និងតំបន់នៅលើភ្នំខ្នងផ្សារ នាថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦។ ក្នុងដំណើទស្សនកិច្ចនៅតំបន់ភ្នំខ្នងផ្សារ នាពេលនេះ ក៏មានការអញ្ជើញចូលរួមផងដែរពី លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង ប្រតិភូក្រសួងជាច្រើននាក់ តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន និង ប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង។
ការធ្វើដំណើរឡើង«ភ្នំខ្នងផ្សារ»ដោយថ្មើជើង មានចំងាយជាង៤គម និងចំណាយពេលប្រមាណ៤ម៉ោង ទើបធ្វើដំណើរ ដល់កន្លែងបោះតង់ តំបន់លើខ្នងភ្នំ ហើយបានអញ្ជើញចូលរួមដាំដើឈើ«សន្តិភាព» នៅក្លោងទ្វាចូល ដំណាក់ដំរី ចំណុចជើងភ្នំ មុនឡើងទៅលើភ្នំខ្នងផ្សារ៕