681 ezgif.com resize
Swift cc time

សមាគមទេសចរណ៍កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការទាក់ទាញ«ភ្ញៀវទេសចរចិន»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកស្រី ឆាយស៊ីវលីន ប្រធានសមាគម CATA

ភ្នំពេញ៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានត្រៀមខ្លួនរួចជាស្រេចក្នុងការទាក់ទាញភ្ញៀវទេសចរចិន តាមរយៈការចេញទៅចូលរួមក្នុងសន្និសីទទេសចរណ៍ និងពិព័រណ៌ទេសចរណ៍នៅប្រទេសចិន ហើយបានណាត់ជួបជាមួយសមាគមទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ធំៗនៅប្រទេសចិនផ្ទាល់ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ចិនដែលហោះហើរមកកម្ពុជា ខណៈភ្ញៀវទេសចរចិនដែលមកកម្សាន្តនៅកម្ពុជា ភាគច្រើនគឺមកតាមរយៈក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកផ្ទាល់ និងមិនមានមកតាមក្រុមហ៊ុនទេសចរណ៍របស់ប្រទេសជិតខាងឡើង។ នេះជាការលើកឡើងរបស់លោកស្រី ឆាយស៊ីវលីន ប្រធានសមាគម CATA បានប្រាប់ស៊ីស៊ីថាមស៍។

«យើងបានធ្វើការចុះអនុស្សរណៈយោគយល់ទៅលើការសហការគ្នានៅក្នុងការបង្កើតកញ្ចប់ទស្សនកិច្ចដែលមានភាពទាក់ទាញ ហើយធ្វើការផ្សព្វផ្សាយរួមគ្នាផងដែរ។ លើសពីនេះ យើងក៏បានអញ្ជើញទីភ្នាក់ងារ ក៏ដូចជាក្រុមហ៊ុនទេសចរណ៍ចិនធំៗមកធ្វើសន្និសីទទេសចរណ៍នៅប្រទេសកម្ពុជាផ្ទាល់ ជាពិសេសកម្ពុជាក៏បានរៀបចំអញ្ជើញជាលក្ខណៈបែបទស្សនកិច្ចសិក្សាមកកម្ពុជា ដើម្បីឱ្យអ្នកជំនាញទេសចរណ៍ទាំងអស់នោះ មើលឃើញថាប្រទេសកម្ពុជាមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការទទួលភ្ញៀវទេសចរ។» នេះបើតាមប្រសាសន៍លោកស្រី ឆាយ ស៊ីវលីន។

ប្រធានសមាគមរូបនេះបន្តថា អ្វីដែលជាបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងការទាក់ទាញភ្ញៀវទេសចរនោះគឺព័ត៌មានមិនពិត ដែលនៅតែអណ្តែតនៅលើបណ្ដាញសង្គមទំនាក់ទំនងនានានៅលើពិភពលោក ដែលធ្វើឱ្យភ្ញៀវទេសចរមួយចំនួនបានឃើញពីការផ្សព្វផ្សាយថាកម្ពុជាមិនមានសុវត្ថិភាពក្នុងការមកលេងកម្សាន្ត។ ដូចនេះ លោកស្រីបានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា បន្តនិងបង្កើនការផ្សព្វផ្សាយពីកម្ពុជា ជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពដល់ភ្ញៀវទេសចរនៅទូទាំងប្រទេសបានឃើញ និងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរអន្តរជាតិទាំងនោះឱ្យបានកាន់តែច្រើនឡើងវិញ។

ជាក់ស្ដែង រយៈពេល១១ ខែ ឆ្នាំ២០២៥កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបជិត ៥,២ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនច្រើនជាង ១,១ នាក់ កើនឡើងជិត៤៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ កំណើននេះនឹងរំពឹងទទួលបានជាបន្តបន្ទាប់នៅពេលអនុវត្តការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិននៅពាក់កណ្ដាលឆ្នាំ២០២៦នេះ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅក្នុងប្រទេសកម្ពុជាបានចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ (គិតចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦) ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ E-arrival card ។ ក្នុងកំឡុងពេលសុពលភាព នៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន៕


Khcct banner

អត្ថបទទាក់ទង