ភ្នំពេញ៖ គម្រោងរបាយការណ៍ស្តីពីឧក្រិដ្ឋកម្មដែលមានការចាត់តាំង និង អំពើពុករលួយ (OCCRP) បានចេញផ្សាយនូវរបាយការណ៍ស្តីពី ក្រុមហ៊ុន Lixin Group ដែលកំពុងមានស្នាក់ការកណ្តាលនៅក្នុងប្រទេសកម្ពុជា។ក្នុងរបាយការណ៍នេះ បានអះអាងថា ប្រធានក្រុមហ៊ុន Lixin Group លោក Hsu Ming-chin ត្រូវតុលាការកោះតៃវ៉ាន់កាត់ទោសក្នុងបទឧក្រិដ្ឋគ្រឿងញៀន ហើយទទួលបានសញ្ជាតិពីហ្វីលីពីន និងកម្ពុជា ដោយប្តូរឈ្មោះថ្មី "Thomas Xu"។
របាយការណ៍ចេញផ្សាយដោយ OCCRP មានចំណងជើងថា "អ្នកវិនិយោគ Phantom: តើមេក្លោងលក់ថ្នាំញៀនដែលកំពុងត្រូវបានស្វែងរកចាប់ខ្លួនម្នាក់ ក្លែងបន្លំជាសេដ្ឋីដោយរបៀបណានៅក្នុងប្រទេសហ្សកហ្ស៊ី" (The Phantom Investor: How a Wanted Meth Kingpin Posed as a Tycoon in Georgia)បានបញ្ជាក់លម្អិតពីដំណើរការនៃការវិនិយោគរបស់ Lixin Group នៅក្នុងប្រទេសហ្សកហ្ស៊ី ជាប់ពាក់ព័ន្ធការវិនិយោគក្លឹបបាល់ទាត់ និង គម្រោងអាគារខ្ពស់។
អត្ថបទនេះ បានបង្ហាញថា ប្រធានក្រុមហ៊ុន Lixin Group លោក Hsu Ming-chin បានបង្ហាញខ្លួននៅខែឧសភា ឆ្នាំ២០២២ នៅទីក្រុងប៉ាទូមី (Batumi) នៅលើឆ្នេរសមុទ្រខ្មៅនៃប្រទេសហ្សកហ្ស៊ី ដោយត្រូវបានតែងតាំងជាប្រធានកិត្តិយសនៃក្លឹបបាល់ទាត់ Dinamo Batumi និងក្រុមហ៊ុន Lixin Group ក៏បានសន្យាផ្តល់ការគាំទ្រថវិកាយ៉ាងច្រើនដល់ក្លឹបនេះ។
លោក Hsu Ming-chin និង Lixin Group ក៏បានប្រកាសពីការចាប់ផ្តើមគម្រោងអភិវឌ្ឍន៍អចលនទ្រព្មមួយឈ្មោះ "Halcyon" នៅលើឆ្នេរសមុទ្រប៉ាទូមី រួមមានអាគារខ្ពស់ច្រើនជាន់មួយមានការរចនាខាងក្រៅស្រដៀងនឹងគម្រោង Tower C នៅសិនជិន ប្រទេសចិន។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីសកម្មភាពអាជីវកម្មរបស់ Lixin Group នៅកម្ពុជាត្រូវបានសង្ស័យរួចមក សារព័ត៌មាននៅក្នុងប្រទេសហ្សកហ្ស៊ី បានចាប់ផ្តើមយកចិត្តទុកដាក់ និង ស៊ើបអង្កេតគម្រោងវិនិយោគរបស់ក្រុមហ៊ុននេះមាននៅក្នុងប្រទេសហ្សកហ្ស៊ី។
OCCRP បានអះអាងថា លោក Hsu Ming-chin ធ្លាប់ត្រូវបានចាប់ខ្លួន និង កាត់ទោសក្នុងបទឧក្រិដ្ឋពាក់ព័ន្ធនឹងថ្នាំញៀនដោយអាជ្ញាធរតៃវ៉ាន់ ប៉ុន្តែបន្ទាប់មកបានរត់គេចខ្លួនទៅបរទេសដោយជោគជ័យ ហើយទទួលបានសញ្ជាតិ ហ្វីលីពីន និងកម្ពុជា (ឈ្មោះលើលិខិតឆ្លងដែនកម្ពុជាត្រូវបានផ្លាស់ប្តូរទៅជា "Thomas Xu")។
លោក Grant Tao តំណាងឱ្យ Lixin Group បានឆ្លើយតបទៅ OCCRP ថា គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ "Halcyon" នៅតែស្ថិតក្នុង "ដំណាក់កាលផែនការគំនិតដំបូង" ហើយរូបភាពរចនាដែលបានបង្ហោះនៅលើបណ្តាញអ៊ីនធឺណិតគ្រាន់តែជា "គំនូរគំនិតបឋម" ដែលមិនមែនជា "គម្រោងរចនាចុងក្រោយ"នោះឡើយ។
លោកថា Lixin Group គឺជាអ្នកអភិវឌ្ឍអចលនទ្រព្យដែលមានទំនួលខុសត្រូវ ហើយនឹងមិនធ្វើសកម្មភាពអចលនទ្រព្យណាមួយដែលពាក់ព័ន្ធនឹងអំពើខុសច្បាប់ ឬរំលោភលើបទប្បញ្ញត្តិនោះទេ៕