681 ezgif.com resize
Swift cc time

អ្នកជំនាញ ប្រាប់ពីកត្តាធំៗចំនួន៣ឱ្យពលរដ្ឋពិចារណា ដើម្បីទិញ«មាស»ទុកក្នុងតម្លៃល្អ និងអាចទទួលបានផលចំណេញច្រើន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អ្នកជំនាញហិរញ្ញវត្ថុ បានលើកយកកត្តាធំៗចំនួន៣ ដើម្បីជាគន្លឹះបង្ហាញផ្លូវដល់ប្រជាពលរដ្ឋដែលមានបំណងចង់ទិញមាសទុកក្នុងតម្លៃល្អ ហើយលក់វិញបានផលចំណេញច្រើន ដែលកត្តាទាំងនោះគឺពាក់ព័ន្ធនឹងស្ថានភាពអន្តរជាតិដែលអាចដឹងមុន នឹងត្រូវតាមដានជាប្រចាំ។ នេះជាការលើកឡើងរបស់លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ថ្លែងប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

លោក ឡុង សំណាង បានលើកឡើងថា យោងតាមស្ថានភាពភូមិសាស្រ្ដនយោបាយ ឬសម្ពាធពន្ធពាណិជ្ជកម្មធំៗនៅលើពិភពលោក តម្លៃហាងឆេងមាសនៅតែអាចនឹងបន្តកើនឡើងទៅមុខទៀតនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ហើយអាចកើនឡើងជាបន្តបន្ទាប់។ លោកពន្យល់ថា ដោយសារនាពេលបច្ចុប្បន្ននេះ ភាពតាងតឹងរវាងប្រទេសមួយចំនួននៅពុំទាន់បានបញ្ចប់ ដូចជាការសម្ពាធរបស់អាម៉េរិកទៅលើអ៊ីរ៉ង់ អាម៉េរិកជាមួយស៊ីរី សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងភាពតានតឹងរវាងចិននិងតៃវ៉ាន់ ដែលសុទ្ធតែអាកខាននៅក្នុងការវិនិយោគក្នុងពិភពលោក ដែលបានធ្វើឱ្យវិនិយោគិនធំៗនៅក្នុងពិភពលោកមានការបង្អាក់ការវិនិយោគ ឬរងចាំឱកាសនៃការវិនិយោគ។

លោកថា ចំណុចនេះហើយ ដែលបាននិងកំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានភាពធ្លាក់ចុះ និងរុញច្រានឱ្យតម្លៃហាងឆេងមាសឡើងដោយស្វ័យប្រវត្តិ ជាពិសេសគឺប្រាក់ដុល្លារដែលបានធ្លាក់ថ្លៃ ដូចនេះធ្វើឱ្យតម្លៃហាងឆេងមាស ឬលោហៈធាតុមានតម្លៃពណ៌លឿនមួយនេះ នឹងហក់ឡើងខ្លាំងតែម្ដង ដោយសន្ទុះនៃប្រាក់ដុល្លារនិងសេដ្ឋកិច្ចផង ក៏ត្រូវបានជំរុញពីវិនិយោគិនធំៗនៅលើពិភពលោក ដកកញ្ចប់នៃការវិនិយោគមួយចំនួនមកវិនិយោគលើតម្លៃហាងឆេងមាស ដែលជាការវិនិយោគមួយមានភាពជាក់លាក់ និងអាចរកផលចំណេញឱ្យពួកគេបាននៅគ្រប់កាលៈទេសៈ។

«សម្រាប់ខ្ញុំ នៅត្រីមាសទី១ តម្លៃហាងឆេងមាសនឹងអាចនៅតែបន្តកើនឡើងទៀត យោងទៅតាមស្ថានភាពបច្ចុប្បន្ននៅមិនទាន់ល្អ និងមិនមានភាពច្បាស់លាស់ ដូចនេះវាអាចនឹងធ្វើឱ្យតម្លៃហាងឆេងមាសនៅបន្តឡើងថ្លៃទៅមុខទៀត ដោយក្នុងបច្ចុប្បន្ននេះមាស១ដំឡឹង មានតម្លៃជាង ៦ ៥០០ដុល្លារ ហើយអាចនឹងមានតម្លៃរហូតដល់ទៅ ៧ពាន់ដុល្លារ ក្នុង១ដំឡឹង នៅក្នុងប្រទេសកម្ពុជា ហើយនឹងឡើងជាបន្តបន្ទាប់ទៀត។» នេះជាការបញ្ជាក់របស់លោក ឡុង សំណាង។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities 

មួយវិញទៀត លោកក៏បានពន្យល់ថា ជាមួយគ្នានេះក៏មានកត្តាមួយចំនួនដែលធ្វើឱ្យហាងឆេងមាសចុះវិញដែរ ហើយក៏ជាចំណុចមួយដែលប្រជាជនកម្ពុជា ក៏ដូចជាអ្នកជួញដូរហាងឆេងមាស ក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះការទិញដែរ ហើយស្ថានភាពនេះគឺគ្រប់គ្នាអាចដឹងមុនបាន ប៉ុន្តែពិបាកនិងជ្រើសរើសពេលវេលាច្បាស់លាស់។ កត្តាដែលអាចធ្វើឱ្យហាងឆេងមាសធ្លាក់ចុះមកវិញបានខ្លះ មាន៣ធំៗដូចជា៖ ការប្រជុំធំមួយរវាងសមាជិកក្រុមប្រឹក្សាសន្តិភាព (Board of Peace) របស់លោក ដូណាល់ ត្រាំ នៃសហរដ្ឋអាម៉េរិក ដែលកំពុងបង្កើត និងបច្ចុប្បន្ននេះមានសមាជិកចូលរួមរហូតដល់២០ប្រទេស។ ដូចនេះ ប្រសិនបើប្រទេសជាច្រើនសម្រេចចូលរួមក្នុងក្រុមប្រឹក្សាភិបាលសន្តិភាពរបស់អាម៉េរិក ដែលរួមទាំងចិន និងរុស្សី នោះតម្លៃហាងឆេងមាសនឹងមានការធ្លាក់ចុះខ្លាំងមកវិញ ប៉ុន្តែមិនមានសង្ឃឹមទេថា ចិននិងរុស្សីចូលរួមជាមួយអាម៉េរិក។ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើក្រុមប្រឹក្សាសន្តិភាពរបស់អាម៉េរិកមានប្រទេសចូលរួមកាន់តែច្រើន នោះនៅក្នុងថ្ងៃចុះកិច្ចសន្យាប្រជុំធម្មនុញ្ញក្នុងក្រុមប្រឹក្សាសន្តិភាព ហាងឆេងមាសអាចនឹងធ្លាក់ចុះ ព្រោះការចុះកិច្ចសន្យានេះនឹងបង្កើតយន្តការមួយចំនួនពាក់ព័ន្ធនឹងរបររកស៊ីរវាងប្រទេសនិងប្រទេស ក៏ដូចជាអាចមានការបន្ធូរបន្ថយពន្ធសម្រាប់ប្រទេសដែលព្រមចូលជាសមាជិកនៃក្រុមប្រឹក្សាសន្តិភាពនេះ។

កត្តាទី២ គឺការកាត់ប្រាក់ចំណេញរបស់វិនិយោគិនធំៗ ឬធនាគារធំៗដែលបានទិញមាសទុកជាច្រើន ដែលជាធម្មតារឿងនេះក៏ធ្លាប់បានកើតឡើងពីមុនមកដែរ។ ទី៣ គឺពាក់ព័ន្ធនឹងការបញ្ចប់សង្រ្គាម ហើយការបញ្ចប់សង្គ្រាមដែលមានឥទ្ធិពលជាងគេគឺរវាងរុស្សីនិងអ៊ុយក្រែន ដែលអាចនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានភាពធន់មកវិញ ជាពិសេសហាងឆេងមាសអាចនឹងធ្លាក់ចុះដូចគ្នា។

ជាមួយគ្នានេះ លោកក៏លើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលមានបំណងចង់ទិញមាសទុក អាចបន្តទិញបាន ព្រោះតម្លៃហាងឆេងមាសទៅថ្ងៃមុខនៅតឬបន្តកើនឡើង ប៉ុន្តែត្រូវយកកត្តាធំៗទាំង៣ខាងលើមកគិតគូរ និងតាមដាន ដើម្បីដឹងពីហាងឆេងកាន់តែច្បាស់ ហើយអាចទិញមាសទុកបានក្នុងតម្លៃល្អ និងចំណេញច្រើន៕

Khcct banner

អត្ថបទទាក់ទង